សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃ២០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​​ចុះ​ត្រួត​ពិនិត្យ​សមិទ្ធផល​ និងវឌ្ឍនភាពនៃការសាងសង់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ ទី៣ នៅខេត្តព្រះសីហនុ ដែល​មាន​តម្លៃ​ប្រមាណ ២០​លាន​ដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយ​របស់​ប្រទេសអ៊ីស្រាអែល ​អនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការ​សាង​សង់​នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើងក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាម​ស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។

គួរបញ្ជាក់​ថា​ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកខ្វាក់ចំនួន៣ ទីតាំងហើយ ដែលស្ថានីយ៍​ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុង​មួយថ្ងៃ។ ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មាន​សមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

សូម​ជម្រាប​ជូន​ថា ស្ថានីយប្រព្រឹត្តកម្មនេះ បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម​​យ៉ាង​ច្រើន​ ដល់ខេត្ត​ព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ ដោយមាន​ស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មា​នក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និង​​បាន​រួម​ចំណែកដល់ការថែរក្សាបរិស្ថាន ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង៕