អត្រាអ្នករងគ្រោះថ្នាក់​ដោយសារការងារនៅកម្ពុជា​បានកើនឡើងជាង២៩%​នៅឆ្នំា២០២២

សង្គម​និង​សេដ្ឋកិច្ច

នៅប្រទេសកម្ពុជា​ តាមរបាយការណ៍លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ កើនឡើងជាង ២៩% បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុបចំនួន ១៤.៧៤២នាក់ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧៣៤២នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧៤០០នាក់។នេះបើយោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកយកប្រធានបទរបស់អង្គការអន្តរជាតិខាងការងារនាឆ្នាំនេះ សំដៅជំរុញដល់រដ្ឋជាសមាជិកយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់បរិយាការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ជាពិសេសការអនុវត្តលើអនុសញ្ញាស្នូលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ។

ក្នុងពិធីប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ នៅថ្ងៃទី២៨ ខែមេសានេះ លោក ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។

ក្នុងឱកាសនោះដែរ,លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថា ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៨០ ជនជាតិអូស្ត្រាលីជាង១ម៉ឺននាក់ ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ដោយសារជំងឺ Mesothelioma។ យោងតាមអ្នកជំនាញខាងជំងឺមហារីក ការស្លាប់បន្ថែម ២៥០០០នាក់ ត្រូវបានគេរំពឹងទុកក្នុងរយៈពេល៤ទសវត្សរ៍ខាងមុខ។ នេះជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីលើកកម្ពស់ការការពារសុខភាពការងារ និងសុវត្ថិភាពការងារដ៏រឹងមាំនៅជុំវិញពិភពលោក៕

អត្ថបទ៖សារេត