ការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា មានការកើនឡើងជាង ១៨ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមចុងឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានដល់វិស័យឯកជនសរុបប្រមាណជាង ២០០ ទ្រីលានរៀល មានការកើនឡើងជាង១៨% ។នេះបើតាមការឱ្យដឹងពី ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia)នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណាទានដល់វិស័យឯកជន ក្នុងឆ្នាំ២០២២ សរុប ២៣៣,៣ ទ្រីលានរៀល ឬប្រមាណ ៥៦,៦ ប៊ីលានដុល្លារអាមេរិក មានការកើនឡើង ១៨,៨% បើធៀបនឹងចុងត្រីមាសទី៤ នៃឆ្នាំ២០២១។

ជាមួយគ្នានោះ NBC បានបញ្ចាក់ថា ឥណទានជាប្រភពទុនយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងបានបែងចែកទៅតាមប្រភេទជំនួញសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច។ក្នុងនោះ នៅចុងឆ្នាំ២០២២ ការផ្តល់ឥណទានតាមវិស័យសេដ្ឋកិច្ច រួមមាន វិស័យសំណង់ ៦៤ទ្រីលានរៀល កើនឡើង ២៧,៤% ធៀបនឹងឆ្នាំមុន។ ឥណទានប្រមាណ ៥៨,៦ ទ្រីលានរៀល គ្របដណ្តប់លើការជួញដូរដុំនិងរាយ កើនឡើង ២៥,១% ខណៈសេវាកម្ម មានទំហំ ២២,៥ ទ្រីលានរៀល កើនឡើង ៩,៦%។

ដោយឡែក សម្រាប់វិស័យកសិកម្មទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានប្រមាណ ២២,៥ ទ្រីលានរៀល កើនឡើង ៩.៧% អង្គភាពគ្រួសារ ១២,៩ទ្រីលានរៀល កើនឡើង ៥,៥% និងកម្មន្តសាលកើនឡើង ៣,៥% ក្នុងទំហំទឹកប្រាក់ ៨,២ទ្រីលានរៀល រួមនិងផ្នែកផ្សេងៗប្រមាណ ៤៤,៥ទ្រីលានរៀល កើនឡើងប្រមាណ ១៩,២% ។

បើតាមការគូសបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា កន្លងទៅថា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច៕

អត្ថបទ៖ ស៊ីណាត