ប្រធានរដ្ឋឡាវ សរសើរពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ហើយរំពឹងថា កម្ពុជានឹងទទួលបានមេដៃមាសច្រើន

សង្គម​និង​សេដ្ឋកិច្ច

ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញក្តីអបអរចំពោះកម្ពុជា ដែលធ្វើម្ចាស់ព្រឹត្តិការណ៍ស៊ីហ្គេម ខណៈមន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានកោតសរសើរពីការរៀបចំដ៏ល្អរបស់កម្ពុជា ហើយរំពឹងថា កម្ពុជានឹងទទួលបានមេដៃមាសច្រើនថែមទៀត។ ការសរសើរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូរបស់ឡាវ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ លោក ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា។

លោក ថងលុន ស៊ីសុលីត បានលើកឡើងបន្តថា៖« ខ្ញុំពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា  ខ្ញុំមានជំនឿជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើន»។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋឡាវរូបនេះ ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយប្រទេសឡាវដ៏ធំធេង និងដ៏ថ្លៃថ្នូរកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច ខណៈលោកថា អ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឱ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យវិនិយោគ វិស័យសន្តិសុខ រួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុនានា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ថងលុន ដែលបានទទួលការអញ្ជើញមកចូលរួមពិធីបើកកីឡាស៊ីហ្គេម នៅកម្ពុជា ខណៈសម្តេចក៏បានឯកភាពជាមួយភាគីឡាវ លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។ លើសពីនេះ សម្ដេចតេជោ ក៏បានស្នើសុំឱ្យភាគីទាំងពីរ កម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងនោះដែរ ចំពោះព្រឹត្តការណ៍ SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ ពិសី