មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងសាងសង់រួចរាល់ទាំងស្រុង នៅចុងខែឧសភានេះ

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណ ៨៥-៩០% ហើយ ខណៈមន្ទីពេទ្យនេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែឧសភា ឆ្នាំ២០២៣នេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានឱ្យដឹងថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលត្រៀមសម្ពោធជាផ្លូវការនៅចុងខែមិថុនាខាងមុខនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែឧសភានេះ។

លោកស្រីបន្តថា៖ «តាមការវាយតម្លៃយើងសង្គេតឃើញថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់បានប្រហែលជា ៨៥-៩០% ដូច្នេះនៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ ដែលក្រុមហ៊ុនសាងសង់ នឹងបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុកនៅចុងឧសភានេះ»។

គួររម្លឹកថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានចំណុះជាង១ម៉ឺនគ្រែ ដែល ត្រូវបានធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែឧសភា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕

អត្ថបទ៖​ពិសី