ប្រជាពលរដ្ឋប្រហែល៨០% មានភាពក្តុកក្តួល និងស្រក់ទឹកភ្នែក ពេលទស្សនាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា មានប្រជាជនប្រមាណ ៨០% មានភាពក្តុកក្តួល និងអ្នកខ្លះទៀតស្រក់ទឹកភ្នែក នៅពេលបានទស្សនា ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ប្រកបទៅដោយមោទនភាពសម្រាប់ជាតិខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នេះ គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ហើយកម្ពុជាបានសុំការយោគយល់ពីសមាជិកអាស៊ានអស់ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ កម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសុំជម្រាបថា ស៊ីហ្គេមជាកាតព្វកិច្ចដែលជៀសវាងមិនបាន អ្នកឯងជាសមាជិកអាស៊ាន អ្នកឯងមានកាតព្វកិច្ចត្រូវធ្វើ អ្នកឯងអត់ត្រូវមកនិយាយថាខ្ជះខ្ជាយ យើងបានសុំពន្យារពេលគេម្តងហើយម្តងទៀត ខ្ញុំបានប្រាប់ដល់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន សូមឱ្យយោគយល់។ ប៉ុន្តែពេលដែលយើងមានលទ្ធភាព យើងធ្វើ ហើយខ្ញុំសុំបញ្ជាក់ មូលដ្ឋានដែលយើងមានក្លាយជាមរកត សម្រាប់តកូនតចៅ តជំនាន់ មិនមែនស្តាតមរកតតេជោ ដែលចិនជួយកសាង ១៥០លានដុល្លារ រួចពីស៉ីហ្គេមទៅវាយចោលទេ ក្លាយទៅជាកន្លែងនៃការប្រកួតកីឡា ក្នុងចំណោមជាតិរបស់យើង យុវជនរបស់យើង និងតំបន់ដែលមានការប្រកួតដទៃទៀត»។

បើយោងតាមប្រសាសន៍របស់ សម្តេចតេជោ លើកឡើថា អ្នកទើស មើលឃើញទើសរហូត ប៉ុន្តែអ្នកទើសម្នាក់ឯងទៅ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំគិតថា មនុស្សប្រហែលជា៨០ភាគរយ ក្តុកក្តួលនៅពេលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងការបើកស៊ីហ្គេម អ្នកខ្លះស្រក់ទឹកភ្នែក ប៉ុន្តែមិនស្រក់ទឹកភ្នែកដោយសារគេធ្វើបាបទេ ស្រក់ទឹកភ្នែកដោយសារមោទនភាពជាតិ នេះមិនមែនរបស់ ហ៊ុន សែន ហើយក៏មិនមែនរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា តែជារបស់មនុស្សទាំងអស់ជាជនជាតិកម្ពុជា»។

ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលរៀបចំឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានការចូលរួមទស្សនាដោយផ្ទាល់ពីប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិរាប់ម៉ឺននាក់ នៅឯពហុកីឡដ្ឋានជាតិមរកតតេជោ និងមានប្រជាពលរដ្ឋរាប់លាននាក់ទាំងជាតិ និងអន្តរជាតិ ទស្សនាការផ្សាយផ្ទាល់ ជាមួយនឹងទស្សនីយ៍ភាពសិល្បៈដ៏អស្ចារ្យ មិនដែលធ្លាប់ឃើញពីមុនមក៕