សម្តេច​​តេ​ជោ ហ៊ុន សែន៖ ជោគ​ជ័យ​ស៊ីហ្គេម​នៅ​កម្ពុជាពន្យល់​យ៉ា​ង​ច្បាស់ពីអ្វី​ដែល​ហៅថា កីឡារ​​ស់នៅ​ក្នុងសន្តិភា​ព

សង្គម​និង​សេដ្ឋកិច្ច

ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាបានធ្វើជាម្ចាស់ បានប្រារព្ធឡើងយ៉ាងមហោឡារិក នាល្ងាច​​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ​ក្រោមអធិ​បតី​ភាព​សម្ដេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​មានការអញ្ជើញ​ចូលរួមពី​ថ្នាក់​ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ​ជាតិ មហាជនសរុបប្រមាណជាង ៦ម៉ឺននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបិទនេះ ​សម្ដេច​​តេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​​ឆ្នាំ២០២៣ នៅ​​កម្ពុជា​នេះ បានពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជា​បានខិតខំ​ប្រឹងអស់​​លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរ​​ការ​​ប្រកួតប្រព្រឹត្តទៅបានដោយរលូន។

សម្ដេចតេជោ បានមានប្រសាសន៍ថា “ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើ​សិន​ជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារ​សន្តិភាពឱ្យបានគ​ង់វង្ស។”

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួត​ស៊ីហ្គេម នៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួត​នៅ​កម្ពុជា។ សម្តេចតេជោ ក៏សូមឧទ្ធិសសមិទ្ធផល​សម្រេច​បាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យក្រប​ខណ្ឌ​​ស្មារតី​​​សាមគ្គីភាព​របស់អាស៊ាន។​

គួរបញ្ជាក់ថា កីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានកីឡាចំនួន​៣៧​​ប្រភេទ បានដាក់ប្រកួតប្រជែងជាផ្លូវការចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ហើយនេះជាលើកដំបូងក្នុង​ប្រវត្តិ​សា​ស្រ្តរបស់​កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះដោយឈរក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” បន្ទាប់ពីខកខានជាង៦០ឆ្នាំកន្លងមក៕

អត្ថបទ៖ សីហា