ខែកក្កដាខាងមុខនេះ រោចក្រដំឡើងរថយន្តរបស់ជប៉ុននឹងដាក់ឲ្យដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស អ្នកឧកញ៉ា គិត ម៉េង

សង្គម​និង​សេដ្ឋកិច្ច

នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ រោងចក្រដំឡើងរថយន្ត Toyota ​របស់ប្រទេសជប៉ុន ដែលបានបោះទុនវិនិយោគចំនួន ៣៦.៧លានដុល្លារអាមេរិក នឹងសាងសង់រួចរាល់ ហើយគ្រោងនិងដាក់ឱ្យដំណើរការនៅខែកក្កដាខាងមុខ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ចាប់ពីខែកក្កដា រោងចក្រដំឡើងរថយន្តតូយូតា អាចនឹងចាប់ផ្តើមផលិតរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ និងក្រុមហ៊ុនផលិត Chanel មកពីប្រទេសបារាំង មកកែច្នៃគ្រឿងអលង្ការក្នុងតំបន់សេដ្ឋកិច្ចពិសេស»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនេះ បាន​ទាក់ទាញការវិនិយោគធំៗជាច្រើន ដែលបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគបរទេសចូលមកបណ្តាក់ទុន ផលិត និងកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។​

សូមជម្រាបជូនថា គម្រោងវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្ត Toyota ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC សម្រេចអនុញ្ញាតិឲ្យធ្វើការវិនិយោគកាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ខណៈដែលរោងចក្រនេះអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។

គិតត្រឹមខែឧសភានេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ ដូចជា៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd, ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd, ក្រុមហ៊ុន Camko Motor Company Ltd, ក្រុមហ៊ុន HGB Motors Assembly Co., Ltd, ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ក្រុមហ៊ុន E M Automobile Co., Ltd និងក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)៕