ក្រុមហ៊ុនដេញថ្លៃឈ្នះគម្រោងភស្តុភារកម្មថ្មីក្រោមទុនប្រមាណ២០០លានដុល្លារនេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ

សង្គម​និង​សេដ្ឋកិច្ច

ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ឆ្នាំ២០២៣ ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ។ កាលថ្ងៃទី០១ ខែមិថុនាកន្លងទៅ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំដំបូងបំផុតដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មថ្មីឈរក្នុងលំដាប់អាទិភាពទី២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះត្រូវបានក្រសួងសាធារណការរំពឹងថា នឹងត្រូវបានសិក្សាជាដំណាក់កាល ​ ជាមួយនឹង​ដើមទុន​​ប្រមាណ២០០លាន​ដុល្លារ ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ នឹងធ្វើឡើងនៅចុងឆ្នាំ ២០២៤ ដោយមជ្ឈមណ្ឌលនេះ ត្រូវការសាងសង់ក្នុងរយៈពេល៣ឆ្នាំ។​

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់តាមផែនការមេ (Comprehensive Intermodal Transport Master Plan 2022-2030) និងជាមជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រនៅភាគនិរតីតាមឆ្នេរសមុទ្រ និងដោយមានការតភ្ជាប់ល្អជាមួយ ផ្លូជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក ដែលអនាគតនឹងក្លាយទៅជា ផ្លូវដែកល្បឿនលឿន និងផ្លូវអាកាសផងនោះ មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែម ទៅឱ្យកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបី នៃចំនួនកុងតឺន័រទាំងអស់ដែលឆ្លងកាត់ប្រទេស៕