សម្តេចតេជោ ហ៊ុន សែន៖ ការតែងតាំងគោរមងារឧកញ៉ាពុំមែនជាការចងក្រងខ្សែបណ្តាញ និងផ្តល់បុព្វសិទ្ធពិសេសសម្រាប់បុគ្គលណាមួយឡើយ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ខ្ញុំក៏សូមបញ្ជាក់ផងដែរថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតំាងគោរមងារឧកញ៉ា ពុំមែនជាចងក្រងខ្សែបណ្តាញ បក្សពួកនិងការផ្តល់បុព្វសិទ្ធិពិសេសសម្រាប់បុគ្គលឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពោលគឺទំាងសមាគមនេះនិងឧកញ៉ាទំាងអស់ត្រូវតែគោរពប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀសបានបាតុភាពអសកម្មនិងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយ ដែលបង្កនៅភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋរបស់យើង»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនិងគោរមងារឧកញ៉ា សម្តេចតេជោ ហ៊ុនសែន លើកឡើងថា តាមការស្រាវជ្រាវឧកញ៉ា នៅប្រទេស មិនមែនមានតែ២ថ្នាក់ដូចបច្ចុប្បន្ន មានឧកញ៉ា អ្នកឧកញ៉ាទេ ប៉ុន្តែពីអតីតកាលយើងមានដល់ទៅ៣ថ្នាក់ គឺ ឧកញ៉ា, អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ដែលជាសក្ខីភាពមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានឡាយព្រះហស្ថលេខាលើក្រឹត្យមួយ ដែលព្រះរាជទានគោរមងារសម្រាប់តែងតាំងលោក យោង រាជជា «លោកអ្នកឧកញ៉ា» មានឋានៈស្មើ អគ្គរាជទូត។

សម្តេច សង្កត់ធ្ងន់ថា «ព្រះរាជក្រឹត្យនេះ គឺនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៨៦។ នេះជាព្រះរាជក្រឹត្យ ដែលព្រះមហាក្សត្រព្រះរាជប្រទាន និងដែលសម្តេចក្រឡាហោម ស ខេង ផ្តល់ឱ្យខ្ញុំ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានប្រគល់ឱ្យសម្តេចក្រឡាហោម ស ខេង រៀបចំកែសម្រួលមាត្រាមួយចំនួន ដែលពាក់ព័ន្ធផ្ទេរសមត្ថកិច្ច ដោយរក្សាសមត្ថកិច្ចឱ្យទីស្តីគណៈរដ្ឋមន្ត្រីជាអ្នកគ្រប់គ្រងដដែល ដើម្បីឱ្យមានសង្គតិភាព ទៅលើកិច្ចការ ដែលមានរយៈពេលកន្លងទៅ៕

អត្ថបទ៖សារេត