សម្តេចតេជោ ហ៊ុន សែន៖ ជាង២ទសវត្សរ៍មកនេះ សេដ្ឋកិច្ចកម្ពុជាកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា៧%

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ក្នុងពេលជាង២ទសវត្សរ៍មកនេះ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា៧ភាគរយ ។ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ត្រូវបានធ្វើឡើតាមរយៈសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ដែលផ្សាយចញនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមរយៈសារលិខិតនោះថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា ៧% ជាង២ទសវត្សរ៍ ហើយស្ថានភាព ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃ កម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ សម្តេចបន្តថា បន្ថែមលើការរីកចម្រើននេះ សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ច ក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមាន ភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ៖« ការប្រឈមនឹងបញ្ហាថ្មីៗទាំងនៅកម្រិតតំបន់ និងសាកលលោក ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ សន្តិសុខសកល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែង និងជំងឺឆ្លងផ្សេងៗ បានជះឥទ្ធិពល អវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ដែលជាសេដ្ឋកិច្ចបើកចំហខ្លំាង និងពឹងផ្អែកលើកត្តាខាងក្រៅ។ ទន្ទឹមនឹងនេះ ការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស ដែលនាំឱ្យកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤ កំពុង ជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការ ជំនាញគ្រប់ប្រភេទ»។

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមដែរថា ដើម្បីឆ្លើយតបនឹងការប្រឈមនេះ ការលើកកម្ពស់ជំនាញ សមត្ថភាពនិងផលិតភាព និងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុងគ្រប់យុទ្ធសាស្ត្រ។ជាក់ស្តែង រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្ដល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅ ដើម្បីផ្ដល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់លើកស្ទួយជីវភាពរស់នៅ៕