កម្ពុជាជាប្រទេសទី១ ដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយករណីនាវាទេសចរណ៍ WESTERDAM អង្គការទេសចរណ៍ពិភពលោកសម្រេចបង្កើត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ហើយកម្ពុជាក៏ជាប្រទេសទី១ ដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរនេះមុនគេផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការដឹងពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ នៅសណ្ឋាគារសុខាភ្នំពេញ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា កម្ពុជាជាប្រទេសទី១ដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរមួយនេះ បន្ទាប់មកក៏មានប្រទេសជាសមាជិកបន្តបន្ទាប់។ លោកក៏បានបញ្ជាក់ពីការគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការទេសចរណ៍ពិភពលោកក្នុងការរៀបចំ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជូនលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ចុះហត្ថលេខាទទួលស្គាល់ និងគាំទ្រក្រមអន្តរជាតិនេះក្នុងនាមជាប្រទេសដំបូងគេបង្អស់។

ពាក់ព័ន្ធនឹងការការពារទេសចរនេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ថែមទាំងបានឱ្យដឹងទៀតរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ២០០០នាក់។ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណចំពោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដែលបានធ្វើលិខិតគាំទ្រ និងកោតសរសើរកម្ពុជាចំពោះករណីនាវាទេសចរណ៍ MS WESTERDAM ដែលធ្វើឱ្យបណ្តាប្រទេសជុំវិញពិភពលោកកាន់តែស្គាល់ និងចាត់ទុកកម្ពុជាជា «ប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ»។

ជាមួយគ្នានេះដែរ លោក ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំក្រមអន្តរជាតិនេះ គឺផ្តើមចេញពីការវាយតម្លៃខ្ពស់របស់អង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកចំពោះប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺកាលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM​ ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ២០០០នាក់ ដែលនៅជាប់គាំងនៅលើនាវាកណ្តាលផ្ទៃសមុទ្រ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ អង្គការពិភពលោកនេះ ក៏បានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមាន ក្នុងនោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ការរៀបចំបង្កើតនិងអនុម័តក្រមអន្តរជាតិស្ដីពីការការពារទេសចរនេះ គឺមានគោលបំណងដើម្បីបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។

ការសម្រេចបង្កើតនិងអនុម័តក្រមអន្តរជាតិស្ដីពីការការពារទេសចរនេះ គឺបានធ្វើឡើងបន្ទាប់ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវាទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០ កន្លងទៅនេះ៕

អត្ថបទ៖ ពិសី