រោងចក្រស្បែកជើង ដែលមានសមត្ថភាពផលិតបាន៣លានគូក្នុងមួយឆ្នាំ បង្ហាញរូបរាងនៅខេត្តកំពង់ស្ពឺ

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រផលិតស្បែកជើង អល វីន ស៊ូ ដែលមានទំហំទុនវិនិយោគក្នុងរង្វង់ប្រមាណ ៦.៤លានដុល្លារ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ រោងចក្រផលិតស្បែកជើងនេះ ស្ថិតនៅក្នុងភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផ្ដល់ឱកាសការងារដល់កម្មករកម្មការិនី ប្រមាណជាង៨០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ(ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន អាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។

ទន្ទឹមគ្នា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរ។

លើសពីនោះ រដ្ឋមន្រ្តីក្រសួងការងារ ក៏បានធ្វើការកោតសរសើររដល់រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជម្រុញការទាក់ទាញវិនិយោគទុនឱ្យបង្កើតរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករនិយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន១៩១ មានកម្មករនិយោជិត សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕