សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានសម្ដែងការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។
ជាការឆ្លើយតបលោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្ដេចធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និង ហាឡាល់ ដោយថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា-ម៉ាឡេស៊ី បន្តពិភាក្សាគ្នាឱ្យបានស៊ីជម្រៅបន្ថែមទៀត។
សូមជម្រាបជូនថា ប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំធ្វើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ក្រោមប្រធានបទ “បរិយាបន្ននិងចីរភាព” នឹងផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ានដែលប្រកបដោយ ភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះផងដែរ ចាប់ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៕


