អាមេរិក នឹងបង្កើនការទិញផលិតផលគ្រឿងសង្ហារឹមអេឡិចត្រូនិក និងផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុនអាមេរិក នឹងបង្កើនការទិញផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជាបន្ថែមទៀតទៀត។ នេះបើជំនួបកិច្ចពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ ជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ មករា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។

ជាមួយគ្នានេះ លោកក៏បានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជាផងដែរ។

លើសពីនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ ក៏បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។

លោកបញ្ជាក់ដូច្នេះថា៖« ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ខណៈក្រសួង នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

ជាការឆ្លើយតប លោកស្រី Anbinh Phan ក៏បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។

គួរបញ្ជាក់ដែរថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានជាង៦ពាន់៦រយលានដុល្លារកើនឡើងជាង៣៥%។

យ៉ាងណាមិញ តាមរយៈជំនួបរវាងក្រុមហ៊ុនអាមេរិក និងក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីទាំងពីរក៏បានប្តេជ្ញាថា នឹងខិតខំសហការនិងគាំទ្ររាល់គោលបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទ្វេភាគី៕ អត្ថបទ៖ ឧកញ៉ា រង្សី