ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយសហការី និងមន្ត្រីជំនាញ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង លើកទី១ ស្តីពីបច្ចុប្បន្នភាព នៃការរៀបចំឯកសារស្នើសុំដាក់បញ្ចូលស្ថានីយបូរាណអង្គរបូរី និងភ្នំដា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

កិច្ចប្រជុំដ៏សំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅបន្ទប់ព្រះវិហារ ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ។
បើតាមរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ការចូលរួមរបស់ឯកឧត្តមអភិបាលខេត្តតាកែវ និងក្រុមការងារ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការជំរុញកិច្ចការដ៏មានសារៈសំខាន់នេះ ដើម្បីលើកកិត្យានុភាព និងតម្លៃជាសកលនៃបេតិកភណ្ឌវប្បធម៌ដ៏បូរាណរបស់កម្ពុជា។
សូមជម្រាបថា ស្ថានីយបូរាណអង្គរបូរី និងភ្នំដា ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរនាសម័យបុរាណ ហើយការដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេង សម្រាប់ការអភិរក្ស ការស្រាវជ្រាវ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព៕





