សហជីព៖កម្មការិនីរោងចក្រតែងទទួលបានផលប្រយោជន៍​ពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ​ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

ថ្មីៗកន្លងទៅនេះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានបន្តសកម្មភាពចុះជួបជាមួយបងប្អូនដែលជាកម្មករ កម្មការិនីរោងចក្រកាត់ដេរទំាងនៅតាមបណ្តាខេត្តនិងនៅក្នុងក្រុងភ្នំពេញ ហើយនៅក្នុងពិធីជួបសំណេះសំណាលនេះត្រូវបានសហជីពនៅក្នុងស្រុកកត់សម្គាល់ឃើញថាចំពោះកម្មការិនីរោងចក្រកាត់ដេរតែងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ពេលជួបជាមួយសម្តេចតេជោ ហ៊ុនសែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធានសហសម្ព័ន្ធសហជីពសម្លេងយុវជនខ្មែរ មើលឃើញថាជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រីជាមួយបងប្អូន កម្មករ-កម្មការិនីរោងចក្រនៅពេលពីមុនក៏ដូចនៅពេលថ្មីៗកន្លងទៅនេះ សម្តេចបានបង្កភាពស្និទស្នាលជាមួយបងប្អូនកម្មកររោងចក្រឱ្យយល់អំពីការបំពេញការងារជូនថៅកែរោងចក្រឱ្យមានភាពល្អប្រសើរ និងមានការសហការនិងដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធីតាមច្បាប់ការងារឬច្បាប់សហជីពដែលបានកំណត់។

លោក អន សាខន អនុប្រធានសហសម្ព័ន្ធសហជីពសម្លេងយុវជនខ្មែរបានសង្កេតឃើញថា ទាក់ទងផលប្រយោជន៍ដែលបងប្អូនកម្មករ កម្មការិនីរោងចក្រពួកគាត់ទទួលបាននៅក្នុងពិធីជំនួបមានច្រើនតាំងជំនួបកាលវគ្គទី១ហើយមកដល់វគ្គទី២នេះ។ កន្លងមកមានការឧបត្ថម្ភដល់ស្ត្រីដែលជាកម្មការិនីដែលបានសម្រាលកូនតាមច្បាប់ការងារបានប្រាក់ឈ្នួល៥០%ពីក្រុមហ៊ុន បន្ទាប់មកបាន៧០%ពីបេឡាជាតិសន្តិសុខសង្គម ។

បន្ថែមលើសនេះទៀតចំពោះស្ត្រីសម្រាលបានកូន១នាក់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល កូនភ្លោះ២នាក់ ទទួលបាន៨០ម៉ឺនរៀល បើកូនភ្លោះ​៣នាក់ទទួលបាន១២០ម៉ឺនរៀលហើយនៅមានកញ្ចប់របស់សម្តេចមានគ្រឿងឧបភោគបរិភោគ​ និងមានកញ្ចប់ថវិកាមួយចំនួនផ្សេងទៀត។ មួយផ្សេងទៀតគាត់ផ្តល់សិទ្ធដល់ស្ត្រីដែលមានផ្ទៃពោះបានចេញធ្វើការមុនម៉ោង១៥នាទីដោយរក្សាបានប្រាក់ឈ្នួលនៅដដែល។មានធ្វើប័ណ្ណបេឡាសន្តិសុខសង្គម ប័ណ្ណជនក្រីក្រចំពោះកម្មករក្រៅប្រព័ន្ធមានចំនួនច្រើនផងដែរ។

លោក អន សាខន បន្តថា «ចំពោះជំនួបនៅវគ្គទី២នេះដែលសម្តេចតេជោហ៊ុនសែនចុះជួបកាលថ្មីៗនេះមានផ្តល់ជូនអត្ថប្រយោជន៍ជូនកម្មករបន្ថែម ពិសេសចំពោះស្រ្តីដែលជាកម្មការិនីដោយលោកបានផ្តល់អនុសាស្ត្រដល់ក្រសួងការងារ ចេញនៅសេចក្តីណែនាំមួយថាជាគោលការណ៍ស្ត្រីមានផ្ទៃពោះចាប់ពី៣ខែឡើង ត្រូវបានមានសិទ្ធទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យនៅជិតក្នុង១ខែម្តងទទួលបានប្រាក់ឧបត្ថម្ភ ថែទំាសុខភាពចំនួន៨ម៉ឺនរៀលគិតចាប់ពីសីហាឆ្នំា២០២៣តទៅ។ចំពោះកម្មករ កម្មការិនីដែលពិការភាពលោកបានណែនំាទៅក្រសួងការងារមានសិទ្ធចេញហូបអាហារឬចេញធ្វើការមុនម៉ោង១៥នាទីជាដើម»។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាមានប្រសាសន៍ថា«អ្វីដែលខ្ញុំមើលឃើញជាទូទៅការដែលប្រមុខរាជរដ្ឋាភិបាលចុះទៅជួបកម្មកររោងចក្រវាគឺជារឿងល្អ ចង់ដឹងពីសុខទុក្ខរបស់កម្មករ»។

តាម លោក អាត់ ធន់ ការចុះទៅរបស់ប្រមុខរាជរដ្ឋាភិបាលជួបជាមួយកម្មករ កម្មការិនីយើងមើលឃើញដូចជួយដល់ស្ត្រីឬមានគោលការណ៍ជួយជាទូទៅប៉ុន្តែបញ្ហាជាក់ស្តែងមួយចំនួន ខ្ញុំយល់ថាគាត់គួរតែពិនិត្យមើល ឧទាហរណ៍ពិនិត្យកែប្រែច្បាប់ដែលជាបញ្ហាប្រឈមរបស់កម្មករ មន្ត្រីការពារក្រុមហ៊ុនឬសហជីពដែលស្ថិតនៅក្រោមក្រុមហ៊ុនមិនគួរឱ្យមានទេ ហើយអ្នកណាដែលជាប់ពាក់ព័ន្ធជួយក្រុមហ៊ុនទំាងអស់ច្បាប់ត្រូវឱ្យមានតម្លាភាពខ្ញុំគិតថាជារឿងល្អ៕

អត្ថបទ៖សារេត