ក្រសួងការងារ និងសាលាអន្តរជាតិសិង្ហបុរី បានចុះអនុស្សរណៈយោគយល់គ្នា អនុវត្តគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិសិង្ហបុរី (SCIA) ដើម្បីសហការអនុវត្តគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់ ដែលត្រូវអនុវត្តនៅខែសីហា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងនោះ លោក អ៊ិត សំហេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុបប្រមាណ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

ជាមួយគ្នានោះ លោក បញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិ SCIA នេះ ក៏ជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់យុវជននៅកម្ពុជា។

ទន្ទឹមនឹងនោះ នាយកសាលា SCIA បានឱ្យដឹងថា សាលារបស់លោក មានកម្មវិធីអប់រំបណ្ដុះបណ្ដាលមកពីសិង្ហបុរីស្រាប់ ដោយមិនចាំបាច់សរសេរកម្មវិធីបណ្ដុះបណ្ដាលឡើងវិញនោះទេ គឺគ្រាន់តែយកមកផ្ដល់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមតែម្តង រួមទាំងគ្រូបណ្ដុះបណ្ដាលមកពីសិង្ហបុរីផងដែរ។លោកថា ការជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន គឺជាការជួយបង្កើនសមត្ថភាពខ្ពស់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈយោគយល់នេះ ស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលពេលកន្លងទៅ បានណែបឲនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័ន្តជាសេនាធិការរួមសហការរៀបចំគោលនយោបាយជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ១.៥លាននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា បង្កើនការលើកកម្ពស់ជីវភាពពួកគេឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចឱ្យបានតាមគោលនយោបាយជាតិឆ្នាំ២០៣០ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០២៥ កម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់៕