តើពាណិជ្ជកររូបណា ឈានមុខនាំចេញអង្ករលក់នៅលើទីផ្សារហ្វីលីពី​ន​ ?

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនក្នុងបរិមាណច្រើនជាលើកទី១ កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣ ដែលអនុវត្តដោយក្រុមហ៊ុនរបស់ឧកញ៉ា គីម សាវុធ ជាពាណិជ្ជករ រកស៊ីជោគជ័យក្នុង វិស័យស្រូវ អង្ករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារប្រទេសហ្វីលីពីន​ក្នុងបរិមាណច្រើន​ជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងដោយ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ដែលមានឧកញ៉ា គឹម សាវុធ ជាអគ្គនាយក ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេចតេជោ ហ៊ុន សែន តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានច្រើន ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំងប្រធានាធិបតីប្រទេសហ្វីលីពីន ដែលបានមកធ្វើការទស្សនៈកិច្ចនៅកម្ពុជាក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។

លោកឧកញ៉ាបន្តថា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា រៀបចំការធ្វើទស្សនៈកិច្ចសិក្សាទីផ្សារដោយផ្ទាល់នៅប្រទេសហ្វីលីពីនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅដោយទទួលបានការសម្របសម្រួលពី ឧកញ៉ា វ៉ាន់ ស៊ូអៀង ទីប្រឹក្សាសហព័ន្ធស្រូវអង្ករបានទទួលគណៈប្រតិភូដែលជាអ្នកនាំចូលពីប្រទេសហ្វីលីពីន កាលពីខែមីនា ឆ្នាំ២០២៣ ចំនួន ៣ក្រុមផ្សេងៗគ្នា ដើម្បីធ្វើទស្សនៈកិច្ចទៅពិនិត្យរោងចក្រដោយផ្ទាល់ រហូតឈានទៅដល់កិច្ចព្រៀមព្រៀងទិញលក់តែម្តង ដោយមានក្រុមហ៊ុន Khmer Foods Group Co.Ltd ជាអ្នកសម្រេចឈានមុខគេ។

សូមជម្រាបជូនថា ឧកញ៉ា គីម សាវុធ ជាមេឈ្មួញអង្ករជើងខ្លាំងចាស់វស្សាក្រាស់ក្រែលដែរហើយក្នុងចំណោមមេឈ្មួញ​អង្ករធំៗទាំងអស់នៅកម្ពុជា។ ក្រុមហ៊ុន KHMER FOOD GROUP CO., LTD ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដ៏ធំមួយនៅ​កម្ពុជាដែលធ្វើការនាំអង្ករទៅលក់នៅលើទីផ្សារអន្ដរជាតិ។ ក្រៅពីរកស៊ីខាងស្រូវអង្ករ លោកក៏មា​ន​មុខជំនួញជាច្រើនផ្សេងទៀតផងដែរ។

សូមបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨,១៨៤តោន ស្មើនឹង ១៩១.៦៤ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់គោលដៅចំនួន៤៩ ក្នុងនោះមានទីផ្សារថ្មីចំនួន១ ត្រូវបានកើតឡើង គឺទីផ្សារប្រទេសហ្វីលីពីន ដែលបាននាំចេញជាលើកដំបូងក្នុបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន ២ ៥៧៥ តោន៕