រដ្ឋមន្រ្តីប្រៃសណីយ៍៖ ការកសាងធនធានមនុស្សឌីជីថល នឹងជួយបង្កើនផលិតភាពនិងកំណើនសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ការខិតខំកសាងធនធានមនុស្សឌីជីថល នឹងឈានទៅជួយបង្កើនផលិតភាព និងកំណើនសេដ្ឋកិច្ចសម្រាប់បច្ចុប្បន្ន និងអនាគត។ នេះបើតាមការថ្លែងពី លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានធ្វើនៅក្នុងពិធីបើកការប្រកួតថ្នាក់ជាតិតិចណូវេសិន (Technovation) ឆ្នាំ២០២៣ កាលរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហើយយុទ្ធសាស្ត្រសំខាន់មួយគឺ ផ្តោតលើ “ការកសាងធនធានមនុស្សឌីជីថល” ដែលជាធនធានក្នុងការជំរុញដល់ការចាប់យកឌីជីថលលើគ្រប់វិស័យ ដើម្បីបង្កើនផលិតភាពនិងកំណើនសេដ្ឋកិច្ច សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានមានក្តីសប្បាយរីករាយដែលបានចូលរួមបើកកម្មវិធីការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ដែលជាកម្មវិធីបណ្តុះបណ្តាល និងប្រកួតប្រជែងរយៈពេល ១២សប្តាហ៍ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យាសកលលោក ដែលមានគោលបំណងលើកកម្ពស់ដល់សិស្សជាកុមារី ឬយុវនារី ចាប់ពីអាយុ ៨ ដល់ ១៨ឆ្នាំ ឱ្យចេះធ្វើការជារក្រុម ចូលរួមបង្កើតច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗឆ្លើយតបទៅនឹងបញ្ហានានាដោយប្រើបច្ចេកវិទ្យាឌីជីថល និងគំនិតសហគ្រិនភាព។

សូមជម្រាបជូនថា កម្មវិធីតិចណូវេសិន (Technovation) ២០២៣ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំយុវជននិងកីឡា និង Tech For Kids Academy ព្រមទាំងមានការឧបត្ថម្ភពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងក្រុមហ៊ុន Smart Axiata ដែលជាកម្មវិធីប្រកួតប្រជែងផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវតី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តោល ការអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile App) និង សហគ្រិនភាព ដល់កុមារីនិងយុវតី។ កម្មវិធីតិចណូវេសិន ២០២៣ បានប្រកាសបើកជាផ្លូវការ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់មកសមាគមន៍ Technovation Cambodia ក៏បានរៀបចំការបង្រៀនរយៈពេល ១២សប្តាហ៍ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលក្នុងនោះ មានក្រុមនារី ១៩ក្រុម សរុប ២៥៧នាក់ មកពី ៦៦សាលា រដ្ឋនិងឯកជន មកពី ១៥ ខេត្តក្រុង និង ៩ក្លឹប ព្រមទាំងគ្រូបង្គោល ៤៥នាក់៕