សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា វិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសពីវិស័យផ្សេងៗ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត ខណៈបច្ចុប្បន្នសេដ្ឋកិច្ចលើវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងដូច្នេះ ត្រូវបានធ្វើឡើងនាឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%។ ទន្ទឹមគ្នានេះ សម្តេចតេជោ អះអាងបន្តថា រាជរដ្ឋាភិបាល ក៏កំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់ផងដែរ។

ក្រៅពីនេះ នាឱកាសនោះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រឹងប្រែងខ្លាំងណាស់ ​ហើយជានិច្ចជាកាលយុទ្ធសាស្ត្រ ​និងមនោគមវិជ្ជារបស់សម្ដេច តែងតែក្ដាប់នូវចំណុចស្នូលចំនួន២ ​ដែលមានទំនាក់ទំនងជាប់ខ្សែ២​ នៃចំណងមួយ ។

សម្ដេចតេជោ បន្តថា ចំណុចស្នូលទាំងពីរនោះ គឺម្ខាងត្រូវថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ​ឲ្យខានតែបាន ហើយម្ខាងទៀតត្រូវតែថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបាន ព្រោះទាំងពីរចំណុច​នេះ ត្រូវដើរទន្ទឹមគ្នា ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជា កម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ ​ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មិនភ័យបារម្ភពីបញ្ហាសង្គ្រាម​ ហើយបន្ទាប់ពីធូរស្រាល ​នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គឺកាល​ពីឆ្នាំ២០២២ កំណើតសេដ្ឋកិច្ចកម្ពុជាកើនឡើងវិញចំនួន​ ៥,២ភាគរយ ​ខណៈនៅឆ្នាំ២០២៣នេះ រំពឹងថា ​នឹងកើនដល់ ៥,៦ភាគរយ ៕

អត្ថបទ៖ ពិសី