អ្នកវិនិយោគសិង្ហបុរី ចង់វិនិយោគលើគម្រោងសហគ្រាសធន់តូច និង​មធ្យម​នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបជាមួយលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារកិច្ចជួយដល់កិច្ចការ​វិនិយោគ​បរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ វិនិយោគិនសិង្ហបុរី បានលើកឡើងថា នឹងពង្រីកកិច្ចសហការជាមួយសហគ្រាសធន់តូច និង​មធ្យម​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកវិនិយោគសិង្ហបុរី គឺជាគណៈប្រតិ​ភូនៃក្រុមហ៊ុនវិនិយោគ ខែបភីថលអ៊ិនវេសមិន (Capital Investment) ដែលរួមមានក្រុមហ៊ុន ភីអាយអែស ខែបភីថល (PIF Capital) តំណាង​ដោយ​លោក ជូណាថាន ប៉ (Mr. Jonathan Por) ក្រុមហ៊ុន អែនហ្សខែបភីថល (Antz Capital) តំណាងដោយ លោកស្រី ក្រែស លីម (Ms. Grace Lim) និងក្រុមហ៊ុន ហ្គ្រោសផាតនឺអេហ៊្សា (Growth Partners Asia) តំណាងដោយ លោក ម៉ូ ហ្សីដាន (Mr. Mo Zidan) ដើម្បីទទួល​ស្វាគមន៍ សម្តែងការគួរសម សំណេះសំណាល និងចែករំលែកព័ត៌​មាន​អំពី​គោលនយោបាយពាណិជ្ចកម្ម និងការវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនោះ លោក ជូណាថាន ប៉ បានជម្រាបអំពីគម្រោងវិនិយោគដែលនឹងជួយសហគ្រាសធន់តូច និង​មធ្យម​នៅកម្ពុជា ដើម្បីទទួលបានមូលនិធិវិនិយោគពីក្រៅប្រទេស និងដើម្បី​អាច​ចុះ​បញ្ជីឡើងទីផ្សារមូលប័ត្រនៅក្នុង និងក្រៅប្រទេស។លោកបន្តថា តាមរយៈការវិនិយោគនេះ ក៏មានភ្ជាប់ជាមួយនូវគម្រោង​សប្បុរស​ធម៌​​ដើម្បីលើក​កម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ:ផងដែរ។

ឆ្លើយតបតការស្នើសុំខាងលើនេះ លោក ព្រាប កុល សន្យាជួយគាំទ្រឱ្យមាន​យន្ត​ការវាយតម្លៃ និងពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា ដើម្បីបំពេញលក្ខ ខណ្ឌ និងតម្រូវការរបស់ដៃគូវិនិយោគបរទេស។

ជាមួយគ្នានេះ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានពាំនាំ​នូវ​ការស្វាគមន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូន​ចំពោះប្រតិភូនៃក្រុមហ៊ុនខែបភីថលអ៉ិនវេសមិន (Capital Investment) និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារដល់ការវិនិយោគផ្ទាល់របស់បរទេសនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ លោក ព្រាប កុល បានជម្រាបប្រតិភូទាំងអស់ថា រាល់ការវិនិយោគ និងការធ្វើ ពាណិជ្ជកម្មនៅកម្ពុជា ត្រូវរៀបចំទៅតាមនីតិវិធីឱ្យបានត្រឹមត្រូវ ពោលគឺត្រូវឆ្លង​កាត់ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យកិច្ចការរវិនិយោគ និងកិច្ចការពាណិជ្ជកម្មទាំងនោះ ទទួលបានការការពារស្របច្បាប់។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ វិនិយោគិនសិង្ហបុរី ក៏បានប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និងរីក រាយធ្វើការជាមួយលោក ព្រាប កុល និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅអ្នកវិនិយោគដែលមានសក្តានុពលនៅប្រទេសសិង្ហបុរី និងនៅប្រទេសដទៃទៀតជុំវិញពិភពលោកថែមទៀត៕

អត្ថបទ៖ ពិសី