កូនសម្តេចវិបុលបញ្ញាភក្តី សុខ អាន ទៅទទួលអគ្គលេខាធិការអាស៊ាន ដោយផ្ទាល់នៅព្រលានយន្តហោះ

សង្គម​និង​សេដ្ឋកិច្ច

កូនប្រុសសម្តេចវិបុលបញ្ញាភក្តី សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាសៀលថ្ងៃអង្គារ ទី៨ វិច្ឆិកានេះ បានអញ្ជើញទៅទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើររបស់លោក លឹម ចុកហ៊ុយ អគ្គលេខាធិកាអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប៉ុន្មានថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លឹម ចុក ហ៊ុយ គឺជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលព្រុយណេ ​ធ្លាប់​ធ្វើ​ជា​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៅ​ក្រសួង​ការ​បរទេស និង​ពាណិជ្ជកម្ម ប្រទេស​ព្រុយណេដារូសាឡឹម ចាប់តាំងពីឆ្នាំ ២០០៦ មក។

លោកបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៩៧៦។

ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ លោកត្រូវបានតែងតាំងជាអគ្គនាយកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងធនធានបឋម ហើយនៅខែកញ្ញា ឆ្នាំ ២០០៥ លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម ។

ទន្ទឹមនឹងនោះ នៅក្នុងឆ្នាំ២០០១ លោកក៏ជាសមាជិកនៃក្រុមការងារកម្រិតខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) រហូតដល់បានបម្រើការជាប្រធាន HLTF-EI ក្នុងឆ្នាំ ២០១៧ ហើយលោកក៏ជាប្រធានអ្នកចរចារបស់ព្រុយណេសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ផងដែរ ។

នៅអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ ២០១៧ លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ លោក​ក៏​ស្ថិត​ក្នុង​ក្រុម​ប្រឹក្សា​យោបល់​ខាង​ក្រៅ​សម្រាប់​ការ​សិក្សា​អាស៊ាន​ឆ្នាំ ​២០៣០ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ៕