សាលសហសិក្សាតេជោសែន តម្លៃជាង៦៥ម៉ឺនដុល្លារ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

សាលសហសិក្សាតេជោសែន ដែលចំណាយថវិកាសាងសង់ប្រមាណជាង ៦៥ម៉ឺនដុល្លារអាមេរិក​ នឹងចូលរួមលើកស្ទួយការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោយបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ខែមិថុនាឆ្នំា២០២៣តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាលសហសិក្សាតេជោសែនគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់ រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពចម្បងៗ និងសំខាន់ៗ ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាតម្រូវការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ការបង្កើនសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យមួយនេះ គឺជាកិច្ចការអាទិភាពដ៏ចម្បងមួយរបស់ក្រសួង ដែលថ្នាក់ដឹកនាំគ្រប់រូប ចង់ឃើញកូនខ្មែរមានសមត្ថភាពអាចសាងសង់ផ្លូវថ្នល់ ស្ពានធំៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទបានដោយខ្លួនឯង នាពេលអនាគត។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា ការបង្កើនសមត្ថភាពធនធានមនុស្ស នេះត្រូវបានអនុវត្តដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលចំនួន ៣កម្រិត៖ (១)កម្រិតវិស្វករ និង បណ្ឌិត (២)កម្រិតអ្នកជំនាញមធ្យមបច្ចេកទេសជាន់ខ្ពស់ និងការបណ្ដុះបណ្តាលជំនាញខ្លីៗ និង (៣) ការបណ្តុះបណ្តាលជំនាញផ្នែកទន់។

លោកលើកឡើងថា ចាប់តាំងពីការបើកដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅក្នុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ វិទ្យាស្ថានបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលនិស្សិតទាំង៣ជំនាន់ ចំនួន ៤៣៧នាក់ បានផ្ដល់អាហារូបករណ៍១០០% ដល់និស្សិតឆ្នើមចំនួន១០១នាក់ និងអាហារូបករណ៍៥០% ដល់និស្សិតជានារី ចំនួន ១៣៣នាក់ និងបានបើកថ្នាក់បំប៉នភាសាអង់គ្លេសជូននិស្សិតដោយឥតគិតថ្លៃ។ បន្ថែមពីលើនេះ វិទ្យាស្ថានតេជោសែន ក៏បានពង្រីកភាពជាដៃគូជាមួយស្ថាប័នអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដៃគូផ្សេងៗ តាមរយៈ ការចុះអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងផ្តល់កិច្ចសហការ និងការផ្លាស់ប្តូរ បទពិសោធន៍និងកម្មវិធីសិក្សាទៅវិញទៅមក។

សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញនូវការសង្ឃឹមជឿជាក់ថា សាលសហសិក្សាដ៏ទំនើបមួយខ្នងនេះ នឹងចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលសមត្ថភាព និងការពង្រឹងគុណភាពនិស្សិត និងមន្ត្រីរាជការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងពិតប្រាកដ៕

អត្ថបទ៖សារេត