ការធ្វើកសិកម្មក្នុងឃុំមួយចំនួន ក្នុងខេត្តតាកែវ កសិករលែងបារម្ភខ្វះខាតទឹកស្រោចស្រពទៀតហើយ!

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់ស្ថានីយ៍បូមទឹកសម្ពុតដែលមានទីតាំងស្ថិតនៅឃុំសំបួរ ស្រុកទ្រំាងខេត្តតាកែវបាននិងកំពុងធ្វើការយ៉ាងសកម្មទៅលើសាងសង់ប្រឡាយមេនិងប្រឡាយរងធ្វើពីបេតុងសរុបប្រវែងជាង១៨គីឡូម៉ែត្រ អនុញ្ញាតឱ្យកសិករអាចធ្វើកសិកម្មបានទំាងនៅរដូវប្រំាងនិង រដូវវស្សាលែងបារម្ភអំពីការខ្វះខាតទឹកសម្រាប់ធ្វើកសិកម្មទៀតហើយពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនំាពាក្យក្រសួងធនធានទឹកនិងឧត្តុនិយមមានប្រសាសន៍ថា​«គម្រោងសាងសង់ស្ថានីយ៍បូមទឹកសម្ពុតស្ថិតនៅភូមិឃុំខាងលើ វាជាផ្នែកមួយនៃគម្រោងរួម ដែលយើងមានការស្តារប្រឡាយលេខ១៥ឡើងវិញ ចាប់ពីចំណុចជិតផ្សាណាត់ទីរួមខេត្តឆ្ពោះទៅខាងស្រុកបូរីជលសារ។នេះគឺជាការពង្រីកសក្តានុពលទឹកចេញពីប្រឡាយលេខ១៥ ទៅដល់កន្លែងស្ថានីយ៍បូមទឹកសម្ពុតប្រវែង២គីឡូម៉ែត្រ ហើយនៅត្រង់ស្ថានីយ៍នេះយើងបានតម្លើងសា្ថនីយ៍មួយដែលមានក្បាលបូមទឹកចំនួន៤ហើយក្នុងក្បាលបូមនីមួយៗមានមុខកាត់៦តឹក ហើយស្ថានីយ៍នេះអាចប្រើថាមពលអគ្គិសនីក៏បានឬប្រើប្រេងម៉ាស៊ូតបូមទឹកក៏បាននៅពេលសាងសង់ជាប់រួចរាល់។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧត្តុនិយម ពេលបូមចេញពីស្ថានីយ៍នេះត្រូវឆ្លងកាត់ប្រឡាយមេមួយធ្វើឡើងដោយបេតុងប្រវែង៧គីឡូម៉ែត្រនិងមានប្រឡាយរងចំនួន១១ខ្សែដែលមានប្រវែងជាង១១គីឡូម៉ែត្រ ដែលអាចស្រោចស្រពផ្ទៃដីកសិកម្មនៅក្នុងតំបន់មានជិត២ពាន់ហិកតា។

លោក ចាន់ យុត្ថា សង្កត់ធ្ងន់ថា «នៅតំបន់នេះកន្លងមកតែងតែប្រឈមខ្វះខាតទឹកច្រើន តែឥលូវនេះកសិករអាចធ្វើកសិកម្មបានខួបប្រំាង ខួបវស្សានៅលើផ្ទៃដីជាង២ពាន់ហិកតានេះនឹងលែងខ្វះខាតទឹកស្រោចស្រពដូចមុនទៀតហើយនៅពេលគម្រោងមួយនេះអនុវត្តរួចរាល់នៅពេលខាងមុខ»។

លោក ប្រាក់ អុក មេភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវបានឱ្យដឹងថា«បើយើងប្រៀបធៀបពីមុននិងបច្ចុប្បន្នដែលកំពុងសាងសង់ស្ថានីយ៍សម្ពុតនិងប្រឡាយថ្មីយើងមានសេចក្តីត្រេកអរជាងមុន ព្រោះពីមុនយើងអាចបូមទឹកបានដែរតែមិនឋិតថេឬវាមិនទៀងទាត់ទេ នៅរដូវប្រាំងពេលទឹកនាជឬទឹកស្រកចុះវាដាច់ទឹកវាធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាក្នុងការធ្វើកសិកកម្ម»។

លោក ជី ជីម មេឃុំសំបួរ ស្រុកទ្រំាងខេត្តតាកែវបានឱ្យដឹងថា «ស្ថានីយ៍សម្ពុតអាចបូមទឹកស្រោចស្រពលើកសិកម្មនៅក្នុងឃុំសំបួរ ឃុំស្រង៉ែ និងឃុំធ្លក ហើយបើស្ថនីយ៍នេះអាចជួយឱ្យប្រជាកសិករនៅក្នុងតំបន់ធ្វើកសិកម្មមួយឆ្នំាច្រើនដងប្រជាពលរដ្ឋ ពួកគាត់មានការត្រេកអរនិងសប្បាយចិត្ត។ កន្លងមកកសិកររអ៊ូរទំាខ្លះ ដោយសារស្ថានីយ៍បូមទឹកពីមុនប្រើប្រេងឥន្ធនៈ វាធ្វើឱ្យមានការរអាក់រអួលទឹកខ្លះ តែនៅពេលស្ថានីយ៍មួយនេះសាងសង់រួចរាល់នៅពេលខាងមុខប្រហែលលែងខ្វះទឹកទៀតហើយ ព្រោះគម្រោងនេះគេដាក់ម៉ូទរបូមទឹកធំៗ»៕

អត្ថបទ៖សារេត