សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុង «ពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង» ដែលមានទីតាំងស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។


យោងតាមរបាយការណ៍របស់លោកអ្នកឧកញ៉ា លាង ឃុន បានបញ្ជាក់ថា រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង គឺជាក្រុមហ៊ុនកូនខ្មែរ ១០០% បានចំណាយពេលសិក្សាស្រាវជ្រាវជិត ២ឆ្នាំ និងសម្រេចបោះទុនវិនិយោគជាង២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតទឹកដោះគោ មី និងតែ ដោយបំពាក់បច្ចេកវិទ្យាចុងក្រោយលំដាប់ពិភពលោកពីក្រុមហ៊ុន GEA (អាល្លឺម៉ង់) និង Sidel (បារាំង)។ លោកអ្នកឧកញ៉ាបានបន្តទៀតថា តាមរយៈ រោងចក្រនេះ នឹងបានពង្រឹងសមត្ថភាពផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងធានាសន្តិសុខស្បៀង ជួយបង្កើតឱកាសការងារ បណ្តុះបណ្តាលធនធានមនុស្ស និងគាំទ្រដល់សហគ្រាសក្នុងស្រុក, ផលិតផលមានគុណភាព និងសុវត្ថិភាពខ្ពស់តាមស្តង់ដារអន្តរជាតិ ដើម្បីឱ្យប្រជាជនខ្មែរជឿជាក់ និងមានមោទនភាព ព្រមទាំងត្រៀមប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងចូលរួមចំណែកអនុវត្តតាមគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្កើតរោងចក្រនេះឡើងដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ក្នុងការផលិតនូវផលិតផលប្រកបដោយគុណភាព និងស្តង់ដារ។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ននេះ ទោះបីជាមានភាពតានតឹងភូមិសាស្ត្រនយោបាយ បានរីកទៅជាការផ្ទុះអាវុធនៅតំបន់ខ្លះ ហើយនៅមជ្ឈិមបូព៌ាបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ដែលផ្តល់ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅបណ្តាប្រទេសទាំងអស់លើពិភពលោក ដែលនាំឱ្យប្រទេសកំពុងអភិវឌ្ឍ ជាពិសេស ប្រជាជនងាយរងគ្រោះនៅគ្រប់ទីកន្លែង ប្រឈមនឹងការបាត់បង់ចំណូល ការកើនឡើងចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់ទៅក្នុងភាពក្រីក្រ។ ប៉ុន្តែ ក្នុងស្ថានភាពនេះ ក្រុមហ៊ុន ជីប ម៉ុង បានបន្តសកម្មភាព និងបានពង្រីកនូវអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈ សមិទ្ធផលជាច្រើនគួរជាទីមោទន។ ដោយឡែកការបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ នៅថ្ងៃនេះ គឺជាការបញ្ជាក់ឱ្យ ឃើញកាន់តែច្បាស់ពីការរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈររបស់ ក្រុមហ៊ុន ជីប ម៉ុង។
សម្តេចបានបន្តទៀតថា តាមរយៈនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន បានបង្ហាញពីភាពធន់នៃសហគ្រាស និងការផលិតក្នុងស្រុកបានចាប់យកឱកាសនេះដើម្បីផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជា គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ និងផលិតផលកែច្នៃផ្សេងៗ។ ទន្ទឹមនឹងនោះ ស្មារតី «ខ្មែរជួយខ្មែរ» បានផ្លាស់ប្តូរកម្លាំងចិត្ត និងការផ្លាស់ប្តូរឥរិយាបថ របស់ប្រជាជនឱ្យងាកមកគាំទ្រ «ផលិតផលក្នុងស្រុក» និងបានក្លាយជាខែលការពារអាជីវកម្មក្នុងស្រុកយ៉ាងរឹងមាំ៕













