កសិករខាងខេត្តកំពង់ឆ្នំាង ប្រើវិធីកាត់បន្ថយបរិមាណចិញ្ចឹមជ្រូកជាដំណាក់កាល ដើម្បីរងចំាតម្លៃឡើងថ្លៃនិងស្តារមុខរបរឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

ទន្ទឹមនឹងរតម្លៃជ្រូកនៅលើទីផ្សារមិនទាន់ឡើងថ្លៃដល់១ម៉ឺនរៀល ក្នុង១គីឡូក្រាម កសិកររស់នៅខាងខេត្តកំពង់ឆ្នំាងម្នាក់ បានចិញ្ចឹមជ្រូករាប់រយក្បាលបានកំពុងប្រើវិធីកាត់បន្ថយបរិមាណនៃការចិញ្ចឹមជ្រូករស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរងចំាមើលតម្លៃជ្រូកឡើងថ្លៃនិងដើម្បីស្តារមុខរបរឡើងវិញនៅពេលដែលតម្លៃជ្រូកល្អប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សួង វាសនា អ្នកចិញ្ចឹមជ្រូកនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង បានឱ្យដឹងថាតម្លៃជ្រូកនៅលើទីផ្សារសព្វថ្ងៃមួយគីឡូក្រាមថ្លៃជាង៩ពាន់រៀល នេះកសិករមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ តែបើតម្លៃនេះនិយាយនៅជំនាន់ឆ្នំា២០១៦ឬ២០១៧អ្នកចិញ្ចឹមជ្រូកទទួលបានប្រាក់ចំណេញមែន តែមកដល់សព្វថ្ងៃតម្លៃនេះមិនទាន់ចំណេញទេព្រោះចំណីនៅមានតម្លៃថ្លៃណាស់។

បើតាមលោក សួង វាសនា តម្លៃជ្រូករស់៩ពាន់រៀល ក្នុង១គីឡូក្រាមនេះវាមានតម្លៃប្រហាក់ប្រហែលទៅនិងថ្លៃដើមនៃការចិញ្ចឹមជ្រូករបស់កសិករ ខណៈអ្នកចិញ្ចឹមជ្រូកនៅក្នុងតំបន់ប្រហែល៩០%បានបោះបង់ពីមុខរបរចិញ្ចឹមជ្រូករបស់ខ្លួន។

លោកគូសបញ្ជាក់ថា«មកដល់សព្វថ្ងៃនេះយើងបានកាត់បន្ថយបរិមាណនៃការចិញ្ចឹមទំាងមេជ្រូកនិងជូ្រកសាច់ពីមេ២០០ក្បាល មកនៅត្រឹមមេជ្រូក៥០ក្បាលនិងជ្រូកសាច់នៅសល់ប្រហែល៦០ក្បាលនេះ ដោយសារយើងអស់ទុនបម្រុងសម្រាប់ការចំណាយ មានតែលក់ជ្រូកចេញខ្លះដើម្បីបានទុនយកទៅបន្តមុខរបរ ហើយប្រសិនបើតម្លៃជ្រូកឡើងថ្លៃវិញ យើងនៅមានពូជជ្រូកស្តារមុខរបរឡើងវិញបាន»។

បើតាមកសិករដែលបានចាប់ផ្តើមចិញ្ចឹមជ្រូកតំាងពីឆ្នំា២០១៤រូបនេះ ក្នុងមួយអាទិត្យលោកត្រូវការចំណាយប្រាក់អស់៣ពាន់ដុល្លារអាមេរិកទៅលើការទិញចំណី ហើយលោកឈប់ពន្យាពេលនៃការឱ្យស៊ីចំណីទៀតហើយ ពោលឱ្យតែដល់ពេលដល់ខែកំណត់លោកនឹងលក់ជ្រូកចេញដើម្បីយកប្រាក់មកទ្រទ្រង់ការចំណាយនៅពេលបន្ទាប់។

លោក សួង វាសនា សង្កត់ធ្ងន់ថា«ការប្រើវិធីកាត់បន្ថយការចិញ្ចឹមជាបន្តបន្ទាប់ពីមេជ្រូក២០០ក្បាល មកនៅត្រឹម៥០ក្បាលដូចសព្វថ្ងៃនេះ បើសិនតម្លៃជ្រូករស់នៅតែមិនងើបឡើងវិញទេ យើងនិងកាត់បន្ថយការចិញ្ចឹមជាដំណាក់កាលថែមទៀតរហូតដល់អស់ ហើយមូលហេតុដែលយើងប្រើវិធីនេះក្រៅពីយកប្រាក់មកទ្រទ្រង់លើមុខរបរ គឺយើងនៅរងចំាតម្លៃជ្រូករស់ឡើងថ្លៃវិញ និងដើម្បីរក្សាមុខរបរឡើងវិញ។ ប៉ុន្តែបើតម្លៃជ្រូកធ្លាក់ថ្លៃបន្តអូសបន្លាយយូរថែមទៀត យើងពិតអស់ចិត្តជាមួយមុខរបរ ដោយយើងបានតស៊ូ អត់ធ្មត់រងចំា កុំឱ្យអ្នកខ្លះគេមើលមកយើងជាអ្នករកស៊ីដែរ តែគ្មានការតស៊ូ តែការពិតយើងបានធ្វើរួចអស់ហើយ»៕

អត្ថបទ៖សារេត