អ្នកជំនាញរំពឹងថា Qatar Airways នឹងដាស់ក្រុមហ៊ុនអាកាសចរធំៗក្រោករៀបចំខ្លួនបើកការហោះហើរឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញនៅក្នុងវិស័យទេសចរណ៍បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករបានដាក់ឱ្យសាកល្បងទទួលការហោះចូលបានមួយរយៈ ក៏ឃើញនៅសញ្ញាល្អថ្មីមួយទៀតគឺមានក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បង្ហាញខ្លួនឡើងវិញដើម្បីត្រៀមផ្តល់សេវាជូនភ្ញៀវទេសចរ។ទន្ទឹមនិង Qatar Airwaysបង្ហាញវត្តមានឡើងវិញជាថ្មីនេះ អ្នកជំនាញក៏មានក្តីរំពឹងថាក្រុមហ៊ុនអាកាសចរលំដាប់ខ្ពស់មួយនេះ អាចនិងធ្វើឱ្យមានទាក់ទាញទៅដល់ក្រុមហ៊ុនអាកាសចរខ្នាតធំៗឯទៀត ចាប់ផ្តើមរៀបចំខ្លួនបើកការហោះហើរឡើងវិញផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា Qatar Airways សម្រាប់កម្ពុជាមិនមែនជាក្រុមហ៊ុនដំបូងទេ ដែលបើកការហោះហើរឡើងវិញ ព្រោះកន្លងមកមានការហោះហើរជាហូរហែផងដែរ ប៉ុន្តែប៉ែកខាងអារ៉ាប់រួមនេះ គឺក្រុមហ៊ុនអាកាសចរណ៍ Qatar Airwaysនេះគឺជាក្រុមហ៊ុនដំបូងគេ ដែលបានធ្វើការហោះហើរឡើងវិញរវាងរាជធានីភ្នំពេញនិងប្រទេសកាតា ក្នុងចំណោមប្រទេសអារ៉ាប់រួម។

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាមានប្រសាសន៍ថា “ ទោះបីការហោះហើរត្រឡប់មកវិញនៃក្រុមហ៊ុននេះ មិនមែនជាការហោះហើរមកវិញជាលើកដំបូងសម្រាប់កម្ពុជាក្តី ប៉ុន្តែការហោះហើររបស់ Qatar Airwaysនៅនេះ វាបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយគោលដៅរបស់កម្ពុជានិងចូលរួមចំណែកដឹកជញ្ជូនភ្ញៀវទេសចរចូលមកកាន់កម្ពុជា ដោយសារកាតាគឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ ដែលមានការហោះហើរត្រង់ទៅប្រទេសធំៗជាច្រើនរួមមាន សហរដ្ឋអាមេរិក សហគមអឺរ៉ុបនិងប្រទេសអារ៉ាប់រួម ដែលគេមានទំនុកចិត្តខ្លំាង”។

ប្រធានសមាគមទេសរណ៍កម្ពុជា សង្កត់ធ្ងន់ថា ផ្អែកលើក្រុមហ៊ុនអាកាសចរលំដាប់ខ្ពស់ បើកឱ្យហោះហើរត្រង់ វានឹងធ្វើការទាក់ទាញទៅដល់ក្រុមហ៊ុនអាកាសចរផ្សេងៗទៀតដែលមិនទាន់បានធ្វើការហោះហើរឡើងវិញ ឱ្យក្រុមហ៊ុនទំាងនោះមានការពិចារណាគោលដៅកម្ពុជា។

ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា “យើងនៅមានក្រុមហ៊ុនអាកាសចរលំដាប់ខ្ពស់ជាច្រើនទៀត ដែលមិនទាន់ធ្វើការហោះហើរឡើងវិញ ហើយអ្វីដែលយើងទន្ទឹងរងចំានោះគឺ មានក្រុមហ៊ុនអាកាចរ Emirates Airlines ដែលជាក្រុមហ៊ុនមានលំដាប់ខ្ពស់ហើយអាចតភ្ជាប់ជើងហោះហើរទៅដល់បណ្តាប្រទេសធំៗ យើងនៅមានក្រុមហ៊ុន អាកាសចរ ANA Airline ដែលធ្វើការហោះហើរត្រង់ទៅកាន់ប្រទេសជប៉ុន។យើងសង្ឃឹមថា តាមរយៈការហោះហើរឡើងវិញរបស់ Qatar Airwaysនេះនឹងធ្វើឱ្យមានការទាក់ទាញទៅដល់ក្រុមហ៊ុនធំៗទំាងអស់ដែលមិនទាន់ធ្វើការហោះហើរឡើងវិញ ឱ្យមានទំនុកចិត្តក្នុងការត្រឡប់មកវិញ ដើម្បីចូលរួមដឹកជញ្ជូនភ្ញៀវទៅវិញទៅមក សម្រាប់កម្ពុជា”។

បើតាមប្រធានសមាគមលើខាងរូបនេះ បានចាត់ទុកក្រុមហ៊ុនអាកាសចរគឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមធ្យោបាយធ្វើដំណើរដល់ភ្ញៀវគ្រប់កន្លែង បើមិនមានមធ្យោបាយធ្វើដំណើរល្អនោះទេ ភ្ញៀវក៏ពិបាកចូលមកទស្សនាកម្ពុជាផងដែរ៕ សារេត