កម្ពុជាផ្គត់ផ្គង់ទំនិញដល់ទីផ្សារបានល្អ និងគ្រប់គ្រងតម្លៃលក់រាយប្រេងឥន្ធនៈមិនឱ្យឡើងថ្លៃខុសសណ្តាប់ធ្នាប់នៅលើទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលថ្នាក់ដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា បង្ហាញអំពីអតិផរណានៅក្នុងឆមាសទី១ឆ្នាំ២០២៣មានអត្រាធ្លាក់ទាបក្នុងរង្វង់ប្រមាណ ១,៤%ដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ ធ្វើឱ្យប្រសើរឡើងនៃស្ថានភាពផ្គង់ផ្គង់ម្ហូបអាហារ និងការថយចុះថ្លៃដើមផលិត។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា មកដល់សព្វថ្ងៃនេះកម្ពុជាបាននិងកំពុងផ្គត់ផ្គង់ទំនិញនៅលើទីផ្សារបានល្អ មិនមានការខ្វះខាត។លើសពីនេះកម្ពុជានៅអាចគ្រប់គ្រងតម្លៃលក់រាយប្រេងឥន្ធនៈមិនឱ្យឡើងថ្លៃខុសណ្តាប់ធ្នាប់នៅលើទីផ្សារថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់តម្លៃទំនិញក្រសួងបានធ្វើការកត់សម្គាល់ជាទូទៅឃើញមានកំណើននៅក្នុងរង្វង់មួយដែលអាចផ្គត់ផ្គង់បាន បានន័យថា អតិផរណាយើងនៅគ្រប់គ្រងបាន។

លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា «អ្វីដែលក្រសួងពាណិជ្ជកម្មចង់បាន៖១)-ការចរាចរទំនិញស្ថិតនៅមានភាពមមាញឹកធ្វើឱ្យសាច់ប្រាក់វិលទៅវិលមក ជាហេតុធ្វើការចរាចរទំនិញមានកាន់តែច្រើន ជំរុញឱ្យសេដ្ឋឮកិច្ចជឿនលឿននិង២)- យើងធ្វើការពិនិត្យទីផ្សាររបស់យើងនៅតាមទីក្រុងភ្នំពេញក្តី និងតាមជនបទក្តី ក្នុងប្រទេសនាពេលបច្ចុប្បន្ន យើងបានគ្រប់គ្រងទំនិញបានល្ អនិងផ្គត់ផ្គង់ទំនិញបានទាន់ពេលវេលានោះ។ យើងឃើញថាទំនិញមិនមានការខ្វះខាតនៅលើទីផ្សារ»។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកថ្លៃប្រហាក់ប្រហែល៧៦ដុល្លារអាមេរិក ក្នុងមួយបារ៉ែលឬឡើងតិចតួច តែព័ត៌មានដែលគួរឱ្យបារម្ភគឺការប្តេជ្ញាចិត្តកាត់បន្ថយបរិមាណផលិតរបស់បណ្តាប្រទេសផលិតប្រេង។តែទោះជាយ៉ាងនេះក្តី សម្រាប់កម្ពុជាអាចគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារបាន។

លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា «នៅប៉ុន្មានខែដើមឆ្នំា២០២៣មកនេះ ក្រសួងពាណិជ្ជកម្មគ្រប់គ្រងបានលើការផ្គត់ផ្គង់ប្រេង និងការធ្វើអន្តរាគមន៍លើថ្លៃប្រេង គឺយើងបានកំណត់ថ្លៃផ្អែកលើទៅលើថ្លៃប្រេងលក់ជាអន្តរជាតិ និងការស្រុះស្រួលគ្នាឬ ធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងរដ្ឋនិងវិស័យឯកជន ឃើញថាតម្លៃប្រេងនៅលើទីផ្សារក្នុងប្រទេសយើងគ្រប់គ្រងបាន។តួយ៉ាងនៅសប្តាហ៍នេះ ថ្លៃប្រេងសំាងលក់រាយនៅថេ ចំណែកថ្លែងប្រេងម៉ាស៊ូតឡើងថ្លៃ៥០រៀល ក្នុងមួយលីត្រ។ ដូចនេះតំាងពីដើមឆ្នំា២០២៣មក រហូតមកដល់ឥលូវនេះ តម្លៃប្រេងម៉ាស៊ូតមានការប្រែប្រួលថ្លៃ៥០រៀល ពីរដង ហើយបើសិនសភាពការនៅលើពិភពលោក តម្លៃប្រេងឆៅមិនឡើងថ្លៃច្រើនទេ យើងអាចរំពឹងទុកបានថា តម្លៃប្រេងលក់រាយមិនមានការប្រែប្រួលខ្លំាងនោះទេ»។

លោកលើកឡើងថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងវិស័យឯកជន សម្រាប់សន្និធិប្រេងស្តុកទុកប្រើប្រាស់ និងលក់នៅក្នុងទីផ្សារ យើងអាចគ្រប់គ្រងបាន អីចឹងយើងអត់មានវិបត្តិបង្ហាញថាមានការខ្វះខាតប្រេងឥន្ធនៈសម្រាប់លក់ ធ្វើឱ្យមានការចលាចលឡើងថ្លៃខុសសណ្តាប់ធ្នប់គឺអត់មានទេ។នៅមុនសភាពការបោះឆ្នោត និងក្រោយបោះឆ្នោតនេះ ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការស្នូលរបស់ខ្លួនគឺការគ្រប់គ្រងទីផ្សារបានត្រឹមត្រូវល្អ ហើយការគ្រប់គ្រងថ្លៃប្រេងឥន្ធនៈវាសមស្របទៅតាមយុទ្ធសាស្ត្រដែលយើងធ្លាប់មានកាលពីកន្លងមក៕
អត្ថបទ៖សារេត