សម្តេចតេជោ ហ៊ុន សែន៖ ជាងពីរទស្សវត្សរ៍មកនេះ ចំនួនប្រជាជនកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជាងពីរទស្សវត្សរ៍កន្លងទៅនេះ ចំនួនប្រជាជនកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺ បានកើនរហូតដល់ចំនួន១៦,៨លាននាក់ នៅឆ្នាំ២០២២។ នេះបើយោងតាមរយៈសារលិខិតអបអរឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ៖ ការជ្រោងឡើង នូវសម្លេងស្រ្តីនិងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទន្ទឹមនឹងការកើនឡើងនៃចំនួនប្រជាជនក្នុងពិភពលោកនេះដែរ ឃើញថា ជាងពីរទស្សវត្សរ៍កន្លងទៅនេះ ប្រជាជនកម្ពុជាក៏មានចំនួនការកើនឡើងគួរឱ្យចាប់អារម្មណ៍ដែរ ពោលគឺ បានកើនពីចំនួន១១,៤លាននាក់ នៅ ឆ្នាំ១៩៩៨ ដល់ចំនួន១៦,៨លាននាក់ នៅឆ្នាំ២០២២ ដែលមានអត្រាកំណើនប្រចាំឆ្នាំ១,៦ភាគរយ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២។ជាងនេះទៀត នៅឆ្នាំ២០២២ ស្រ្តីមានចំនួនសរុប៨,៦លាននាក់ (ប្រមាណ ៥១%) រីឯស្ត្រីក្នុងវ័យ បន្តពូជអាយុ១៥-៤៩ឆ្នាំ មានចំនួន៤,៦លាននាក់ (ស្មើនឹង៥៣ភាគរយ នៃស្ត្រីសរុប)។

បើតាមការលើកឡើងរបស់សម្តេចតេជោ ការកើនឡើងនៃចំនួនប្រជាជនកម្ពុជានាពីរទសវត្សរ៍ចុងក្រោយនេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃអត្រាមរណភាព ការកើនឡើងនៃអាយុសង្ឃឹមរស់ និងសន្ទុះកំណើន។

គួរបញ្ជាក់ដែរថា តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា យោងតាមអង្គការសហប្រជាជាតិបានធ្លាប់បានប្រកាសកាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅថា គិតត្រឹមឆ្នាំ២០២២ ប្រជាជនពិភពលោកបានកើនដល់ ៨ ប៊ីលាននាក់ និងស្ថានភាពប្រជាសាស្ត្រពិភពលោកកំពុងប្រែប្រួលយ៉ាងលឿន៕

អត្ថបទ៖ ពិសី