បើករយៈពេលបួនខែ ត្រីចំហុយអនាម័យគ្រួសារអង្គរ ទទួលបានការគាំទ្រខ្លាំងល្បីដល់ក្រៅប្រទេស

សង្គម​និង​សេដ្ឋកិច្ច

ហាងត្រីចំហុយអនាម័យគ្រួសារអង្គរ បើកទើបតែបានរយៈពេលបួនខែ កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ទាំងក្នុងនិងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ម៉ម ម៉ារី ម្ចាស់អាជីវកម្មត្រីចំហុយអនាម័យគ្រួសារអង្គរ បានផ្ដល់បទសម្ភាសន៍ជាមួយ ឧកញ៉ាញូស៍ថា ហាងត្រីចំហុយអនាម័យគ្រួសារអង្គរ ទើបតែបើកបានរយៈពេលបួនខែប៉ុណ្ណោះ ពោលគិតចាប់ពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ តែហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដោយសារតែចំណុចពិសេសមួយចំនួនរបស់ហាង ក្នុងការប្រើប្រាស់គ្រឿងផ្សំនិងអនាម័យ។

ម្ចាស់អាជីវកម្មរូបនេះលើកឡើងថា មូលហេតុដែលបង្កើតអាជីវកម្មនេះឡើង ព្រោះនៅពេលបច្ចុប្បន្ននេះ អតិថិជនពិបាកក្នុងការរកត្រីចំហុយដែលមានអនាម័យនិងគុណភាពខ្ពស់ មិនប្រើសារធាតុគីមីពេលចំហុយ ហើយសម្រាប់អ្នកដែលចូលចិត្តត្រីចំហុយដូចជាលោកស្រី គឺពិបាកក្នុងការរកខ្លាំងណាស់ត្រីចំហុយដែលមានគុណភាព មួយវិញទៀត ហាងនេះបើកក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ ។

លោកស្រីបន្តថា ហាងនេះក្រោយបើកដំណើរការគឺឃើញថា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនជាខ្លាំង ដោយម្នាក់ៗក្រោយទទួលទានហើយ ងាកមកទិញម្ដងទៀតគ្រប់ៗគ្នា ហើយអ្នកខ្លះក៏ទិញផ្ញើបងប្អូនដែលរស់នៅក្រៅប្រទេសទៀតផង។

ចំណុចពិសេសក្នុងការទាក់ទាញភ្ញៀវក្នុងនិងក្រៅស្រុកនេះ ព្រោះតែក្នុងការចម្អិន ត្រីបានហូតយកពោះនិងស្រកី , ចំហុយជាមួយគ្រឿងផ្សំធម្មជាតិ បន្ថែមរសនិងក្លិនត្រីពេលទទួលទាន, មិនប្រើសារធាតុគីមីណាមួយដើម្បីរក្សាគុណភាពត្រី រក្សារពណ៌របស់ត្រីឡើយ , មួយវិញទៀតការវេចខ្ចប់គឺប្រើ ស្មុក និងវល្លិ៍ល្ពាក់ ដើម្បីជួយកាត់បន្ថយដល់ការបំពុលបរិស្ថាន និងជួយផ្ដល់ចំណូលដល់ប្រជាសហគមន៍ ។ លោកស្រី ម៉ម ម៉ារី បញ្ជាក់បន្ថែម។

សម្រាប់ទស្សនៈវិស័យរបស់ត្រីចំហុយអនាម័យគ្រួសារអង្គរ គឺ ចង់ឱ្យបងប្អូនដែលចូលចិត្តពិសារត្រីចំហុយ ទទួលបានត្រីចំហុយពិតៗ មិនស្ងោរ ដែលជាផលិតផលនៅក្នុងស្រុកធ្វើឡើងដោយស្នាដៃកូនខ្មែរ ផ្សំឡើងដោយគ្រឿងផ្សំខ្មែរបុរាណ។ លោកស្រីរំពឹងថា ទៅថ្ងៃខាងមុខ នឹងទទួលបានអតិថិជនកាន់តែកើនឡើងជាលំដាប់បន្ថែមទៀត ដោយផ្អែកលើគុណភាពនិងសេវាកម្ម។

សូមជម្រាបជូនផងដែរថា ហាងត្រីចំហុយអនាម័យគ្រួសារអង្គរ មានទីតាំងនៅសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ហាងនេះ លក់ត្រីធំៗចំហុយ ២ទៅ៣ត្រី ទម្ងន់១គីឡូក្រាម លក់ក្នុងតម្លៃ ៥០០០០រៀល ខ្នាតមធ្យម មួយគីឡូ ៣៥០០០រៀល និងខ្នាតតូច លក់ក្នុងតម្លៃ២៥០០០រៀល ក្រៅពីនោះក៏មានលក់ត្រីស្រស់ៗផងដែរ។ ទាក់ទងនឹងតម្លៃនេះទៀតសោត លោកស្រី ម៉ម ម៉ារីថា នាពេលបច្ចុប្បន្ននេះនឹងមិនមានការប្រែប្រួលណាមួយឡើយ ទោះត្រីឡើងឬចុះថ្លៃក៏ដោយ៕

អត្ថបទ៖ សុកធា