សម្តេចតេជោ៖ នាយករដ្ឋមន្រ្តីថ្មី នឹងទៅសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នាខែតុលាខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោហ៊ុន សែន បាន្យដឹងថា នាយករដ្ឋមន្រ្តីថ្មី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនៅខែតុលាខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាលើកចុងក្រោយ ដែលសម្តេចអញ្ជើញថ្លែងសុន្ទរកថា ក្នុងនាមជានាយករដ្ឋមន្រ្តី ហើយឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងមកជំនួសតំណែងជានាយករដ្ឋមន្រ្តីថ្មី នឹងត្រូវបានអញ្ជើញ ចូលរូមសម្ភោធជាផ្លូវការ នូវព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប នៅក្នុងខែតុលានាពេលខាងមុខនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ នឹងចាប់ផ្តើមដំណើការជាផ្លូវចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ តទៅ។នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលផ្សាយចេញកាលទី២៧ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។

នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

អត្ថបទ៖ ពិសី