លោក ជា ចាន់តូ ទទួលតំណែងទេសរដ្ឋមន្ត្រី ជាប្រធានកិត្តិយសធនាគារជាតិ

សង្គម​និង​សេដ្ឋកិច្ច

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦៧៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះដែរ កូនស្រីបង្កើតរបស់លោកគឺលោកស្រី ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦៧៥ ដើម្បីជំនួសតំណែងកំពូលរបស់លោក ជា ចាន់តូ ដែលបានដឹកនាំស្ថាប័នគោលនយោបាយរូបិយវត្ថុជាតិមួយនេះរាប់ទស្សវត្សរ៍មកហើយ។

លោក ជា ចាន់តូ បានកាន់តំណែងទេសាភិបាលធនាគារជាតិនៃកម្ពុជា រាប់ចាប់ពី១៩៩៨រហូតដល់បច្ចុប្បន្ននេះ។ លោកជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

សូមជម្រាបថា លោក ជា ចាន់តូ បានជាប់ជាថ្នាក់ដឹកនាំ ធនាគារកណ្តាលឆ្នើមជាងគេឆ្នាំ ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Central Banker of the Year, Asia-Pacific) ។ នេះជា ចំណាត់ថ្នាក់ដែលផ្តល់ The Banker ភ្នាក់ងារ ប្រមូលផ្តុំទិន្នន័យនិង ផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើ សមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបាននាពេលកន្លងមក ។

ក្រោមការដឹកនាំរបស់លោក ជា ចាន់តូ រូបិយវត្ថុជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរ សំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ នេះជាការគូសបញ្ជាក់របស់ The Banker៕