សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ មានបំណងបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា ដើម្បីបង្កើនតម្លៃក្នុងការនាំចេញ

សង្គម​និង​សេដ្ឋកិច្ច

សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េក្រៅប្រទេស មានបំណងចង់បង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា ដើម្បីជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជា ក្នុងការនាំចេញទៅទីផ្សារពិភពលោក។នេះបើតាមជំនួបពិភាក្សាការងាររវាងលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Heo Jang តំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក Heo Jang បានឱ្យដឹងថា ខាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េក្រៅប្រទេស មានបំណងក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េ មានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ដែលស្របតាមនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងបាន អំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធក្នុងពេលកន្លងមក។

បន្ថែមពីនោះ លោកក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕