ព្រឹត្តិការណ៍បើកអាស៊ានប៉ារ៉ាហ្គេម នឹងមានការបាញ់កាំជ្រួចច្រើនជាង​ព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងមានការបាញ់កាំជ្រួចច្រើនជាងព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនគ្នាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡានេះ។ ជាមួយគ្នានេះ សម្តេចបន្តថា គិតត្រឹមថ្ងៃទី៣១ ឧសភា នេះ កម្ពុជាសល់តែ៣ ថ្ងៃទៀតតែប៉ុណ្ណោះនឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡាសម្រាប់បងប្អូនជនពិការនៅកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះជាបន្តទៀត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតដល់កីឡាករ-កីឡាការិនី ដែលជាកីឡាជនពិការ។លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវរៀបចំទស្សនីយភាពពិធីបើកព្រឹត្តិការណ៍នេះឱ្យបានល្អ និងបាញ់កាំជ្រួចឱ្យបានច្រើន ខណៈរដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ការបាញ់កាំជ្រួចក្នុងពេលបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានចំនួនច្រើនជាងព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមតែងតែប្រារព្ធធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពនៃប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឆ្នាំ២០២៣នេះ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងរៀបចំនៅទឹកដីកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីឆ្នាំ២០២២ កន្លងទៅ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី ដែលកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១១៥នាក់ ដើម្បីចូលរួមប្រកួតលើ១១ប្រភេទកីឡា។ ឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយមានកីឡាចំនួន១៤ប្រភេទ និងមានអត្តពលិកចូលរួមប្រមាណ១ ៤០០នាក់ ដែលក្នុងនោះ មានកីឡាករ-កីឡាការិនីកម្ពុជាចំនួន៣១៧នាក់៕