មន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនសហគ្រាសកម្ពុជាចូលរួមក្នុងខ្សែច្រវាក់តម្លៃ ទាំងក្នុងតំបន់និងអន្តរជាតិ តាមរយៈការចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នាពេលខាងមុខនេះ។

នេះបើយោងតាមប្រសាសន៍របស់ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការរៀបចំពិព័រណ៍ សម្រាប់ការចូលរួម ពិព័រណ៍ចិន–អាស៊ាន លើកទី២៣ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ព្រមទាំងតំណាងសមាគម សហព័ន្ធ ក្រុមហ៊ុន អាជីវករ និងសហគ្រាសជាច្រើនរូប កាលចុងខែកក្កដា ឆ្នាំ២០២៦។
នាឱកាសនោះ លោក សំហេង បូរ៉ា បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈសម្រាប់ការចូលរួម ពិព័រណ៍ចិន–អាស៊ាន លើកទី២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ ក៏បានធ្វើបទបង្ហាញអំពីព័ត៌មានទូទៅ និងនីតិវិធីចុះឈ្មោះចូលរួមតាមប្រព័ន្ធអនឡាញ (Online) ជូនដល់អ្នកចូលរួម។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងថា ពិព័រណ៍ចិន–អាស៊ាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិនិយោគ រវាងកម្ពុជា និងចិន រវាងអាស៊ាន និងចិន ព្រមទាំងរវាងប្រទេសសមាជិកអាស៊ាន។
ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដែលមានគម្រោងចូលរួម ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការតាំងបង្ហាញផលិតផល ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញសក្ដានុពល និងការពង្រីកការចូលរួមក្នុងខ្សែច្រវាក់តម្លៃ ទាំងក្នុងតំបន់ និងអន្តរជាតិ៕ អត្ថបទ៖ហ្សាលីន

