រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចកែប្រែទំហំផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ក្នុងគោលបំណងធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្សាយចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យសម្រេចថា ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ត្រូវបានកែប្រែពីផ្ទៃដីទំហំ១៥៤៤៥៨(មួយសែនប្រាំម៉ឺនបួនពាន់ បួនរយហាសិបប្រាំបី)ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦(មួយសែនប្រាំម៉ឺនប្រាំមួយពាន់មួយរយដប់ប្រាំមួយ) ហិតកា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

អនុក្រឹត្យដដែលបន្តថា ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៥៤ ៤៥៨(មួយសែន ប្រាំម៉ឺនបួនពាន់បួនរយហាសិបប្រាំបី)ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨(មួយពាន់ប្រាំមួយ រយហាសិបប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

បើតាមរាជរដ្ឋាភិបាលបញ្ជាក់ថា ការចេញអនុក្រឹត្យនេះមានគោលបំណងធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត,លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ,ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។

តាមរយៈអនុក្រឹត្យខាងលើ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ដោយ សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និង ការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានផងដែរ៕

អត្ថបទ៖ ពិសី