លោកស្រី ឃួង សុដារី នឹងក្លាយជាក្បាលម៉ាស៊ីនថ្មីដឹកនាំរដ្ឋសភា ខណៈប្រធានតុលាការកំពូលប្រកាសចូលនិវត្តន៍

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសារជាសំឡេងបន្ទាន់ឆ្លើយតបការផ្សាយរបស់វិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីសមាសភាពសំខាន់ៗ ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី ដឹកនាំស្ថាប័នរដ្ឋសភា គឺលោកស្រី ឃួន សុដារី អនុប្រធានរដ្ឋសភាទី២ ពេលបច្ចុប្បន្ន នឹងឡើងតំណែងជាប្រធានរដ្ឋសភាថ្មី ជំនួសសម្តេច ហេង សំរិន ឯលោក ជាម យៀប នៅរក្សាជាអនុប្រធានទី១ដដែល ខណៈ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន នឹងក្លាយទៅជាអនុប្រធានទី២រដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារសំឡេងឆ្លើយតបនឹងការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាដូចបានបង្ហាញនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០២១មកម្ល៉េះ។

តាមរយៈសារសំឡេងរបស់សម្តេចតេជោ បានបញ្ជាក់ដែរថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ឌិត មន្ទី ប្រធានតុលាការកំពូល សុទ្ធតែបានដាក់ពាក្យសុំចូលនិវត្តន៍ពីតួនាទី ព្រោះតែមានវ័យច្រើន។

ក្រៅតែពីសម្តេច សាយ ឈុំ និងលោក ឌិត មន្ទី ហើយនោះ សម្តេចតេជោ ក៏បានប្រកាសឱ្យដឹងផងដែរថា អនុប្រធានព្រឹទ្ធសភាទី១ លោក សឹម កា និងលោកស្រី ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានព្រឹទ្ធសភា ព្រមទាំង សមាជិកព្រឹទ្ធសភាមានវ័យចំណាស់មួយចំនួនទៀត ក៏បានដាក់ ពាក្យលាឈប់ពីការ ងារផងដែរ។

សូមបញ្ជាក់ដែរថា ការបង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាថ្មីមកពីគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺសម្តេចចង់បង្ហាញទៅវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនមានការរួបរួមផ្ទៃក្នុង ហើយមានការចាត់តាំងត្រឹមត្រូវ ដោយគ្មានការទាស់ទែងគ្នាព្រោះរឿងតំណែងនោះឡើយ៕

អត្ថបទ៖ ពិសី