លោក ស្រ៊ុន ពៅ៖ ជ្រូកនៅក្នុងស្រុកធ្លាក់ថ្លៃដល់កម្រិតហើយ!

សង្គម​និង​សេដ្ឋកិច្ច

ស្ថិតក្នុងកាលៈទេសៈការនាំជ្រូកពីថៃឆ្លងកាត់កម្ពុជាឆ្ពោះទៅវៀតណាមមិនទាន់មានភាពប្រាកដអាចនាំចេញទៅបាន ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកតម្លៃជ្រូកនៅក្នុងស្រុកបានធ្លាក់ថ្លៃដល់កម្រិតហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស្រ៊ុន ពៅ បានឱ្យដឹងថាបញ្ហាការនាំជ្រូកថៃទៅវៀតណាម ដោយឆ្លងកាត់កម្ពុជានៅកន្លងមកនេះបើតាមអ្វីដែលខ្ញុំបានដឹង ខាងវៀតណាមគេបានបិទច្រកនៅតាមព្រំដែនហើយ មិនបានមានការដឹកឆ្លងចូលទៅប្រទេសគេទេ ។ បើគេឱ្យនាំទៅពេលត្រួតពិនិត្យជ្រូកទំាងនោះរកឃើញមានសារធាតុអ្វីមិនល្អ គេនិងដុតកម្ទេចចោល។

បើតាមលោកប្រធានសមាគមខាងលើ ដើម្បីដឹងព័ត៌មានកាន់តែច្បាស់អំពីការនាំជ្រូកពីថៃទៅវៀតណាមបានឬយ៉ាងណាទាល់តែអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឬក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទើបដឹង។
ទន្ទឹមនិងការលើកឡើងអំពីបញ្ហាការនាំជ្រូកថៃទៅវៀតណាមបានឬយ៉ាងណា សម្រាប់លោកស្រ៊ុន ពៅ បញ្ជាក់ថា« ខ្ញុំគ្រាន់តែដឹងថាជ្រូកក្នុងស្រុកធ្លាក់ថ្លៃដល់កម្រិត។ជ្រូកចិញ្ចឹមនៅតាមកសិដ្ឋានអាចលក់បានថ្លៃ៨០០០រៀល តែសម្រាប់កសិករអាចលក់បានថ្លៃក្រោម៨០០០រៀលក្នុងមួយគីឡូក្រាម»។

លោក ស្រ៊ុន ពៅ «លើកឡើងថាសព្វថ្ងៃនេះតម្លៃជ្រូកថៃនិងជ្រូករបស់កម្ពុជា ថ្លៃប្រហាក់ប្រហែលគ្នា អីចឹងយើងចំាបាច់អីនិយាយវែងឆ្ងាយ ឃើញថានៅប្រទេសថៃលក់ជ្រូករស់ក្នុងមួយគីឡូក្រាមថ្លៃជាង៧០០០ហើយនៅកម្ពុជាថ្លៃ៧០០០ទៅ៨០០០រៀលដែរ។ដូចនេះបើចង់ឱ្យជ្រូករបស់កម្ពុជាឡើងថ្លៃ លុះត្រាតែជ្រូកថៃឡើងថ្លៃដែរ នឹងទើបយើងមានសង្ឃឹម បើជ្រូកថៃចុះថ្លៃរបៀបនេះ ជ្រូកចិញ្ចឹមនៅកម្ពុជាយើងមិនអាចឡើងថ្លៃបាន មានតែចុះថ្លៃដូចគេដែរ តាមការមើលឃើញជាក់ស្តែងគឺអីចឹង»៕

អត្ថបទ៖សារេត