វិនិយោគិនមកពីខេត្តហ្វូជៀន ប្រទេសចិន ចាប់អារម្មណ៍វិនិយោគលើវិស័យសហគ្រាសនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

វិនិយោគិនចិន ដែលមកពីទីក្រុងហ្វូចូវ ខេត្តហ្វូជៀន បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅទឹកដីកម្ពុជា ពិសេសលើផ្នែកសហគ្រាសនៅកម្ពុជា។ការបង្ហាញបំណងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ្វូចូវ ប្រទេសចិន កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈជំនួបពិភាក្សានោះ លោក ជា វុទ្ធី អគ្គលេខាធិការស្តីទីគណៈកម្មាធិការវិនិយោគកម្ពុជា  និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិនដែលប្រកបធុរកិច្ចលើវិស័យរ៉ែនិងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅនិងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀន ដែលដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ្វូចូវ។

នាឱកាសនោះ លោក ជា វុទ្ធី បានបង្ហាញការស្វាគមន៍ជូនចំពោះគណៈប្រតិភូចិនដែលបានមកកាន់ទឹកដី កម្ពុជាដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាពនិងបរិយាកាសវិនិយោគ ពិសេសលើកផ្នែកសហគ្រាសនៅកម្ពុជា។​

ជាមួយគ្នានេះ លោកលើកឡើងដែរថា៖«ស្របពេលដែលរាជរដ្ឋាភិបាលថ្មី​ ដឹកនាំដោយឯកឧត្តម ​ ហ៊ុន​ ម៉ាណែត​ ទទួលបានការគាំទ្រពីរដ្ឋសភាកម្ពុជា​ឱ្យបន្តការពារសន្តិភាព​ បន្តការអភិវឌ្ឍ ការអញ្ជើញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់គណ:ប្រតិភូនាពេលនេះឆ្លុះបញ្ចាំងមិនត្រឹមតែការជឿទុកចិត្តលើរដ្ឋាភិបាលថ្មីប៉ុណ្ណោះទេ​ ថែមទាំងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្រោមម្លប់សន្តិភាពដ៏កក់ក្តៅផងដែរ»។

ឆ្លៀតឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការស្តីទីគណៈកម្មាធិការវិនិយោគកម្ពុជា  ក៏បានគូសរំលេច អំពីសក្តានុពលលើវិស័យនិងសកម្មភាពវិនិយោគនានាដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួលនិងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។

ក្នុងន័យនេះ លោកក៏បានបង្ហាញជំនឿចិត្តថា គណៈប្រតិភូខេត្តហ្វូជៀន នឹងសិក្សាសមិទ្ធិលទ្ធភាពលើវិស័យដែលសហគ្រាសមានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព ខណៈលោកក៏ សង្ឃឹមយ៉ាងមុតមាំថាវិនិយោគិននិងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះនឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ៕

អត្ថបទ៖ ពិសី