កូនប្រុសសម្តេច សុខ អាន ដាក់យុទ្ធសាស្រ្តអ្វីខ្លះដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ក្នុនាមរដ្ឋមន្រ្តីថ្មី

សង្គម​និង​សេដ្ឋកិច្ច

ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, គោលនយោបាយនិងផែនការយុទ្ធសាស្រ្តសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូនប្រុសបង្កើតសម្តេចវិបុលបញ្ញា សុខ អាន គឺលោក សុខ សូកេន រដ្ឋមន្រ្តីថ្មីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការដាក់ចេញនូវគំនិតផ្តួចផ្តើមសុទ្ធសាសន្រ្តនេះ ដើម្បីសំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការក្រសួងទេសចរណ៍ ពេលថ្មីៗនេះ លោក សុខ សូកេន បានបញ្ជាក់បន្ថែមថា លោកក៏នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ រួមមាន៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ -3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

ក្នុងឪកាសនោះដែររដ្ឋមន្រ្តីវ័យក្មេងដែលមានឈាមជ័រជាកូនមន្រ្តីជាន់ខ្ពស់មួយរូបផងដែរនោះ បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឈរលើអភិក្រមភាពជាដៃគូចតុភាគី «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

គួរជម្រាបថា ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ៧លាននាក់ ជាមួយទេសចរជាតិ១៧លាននាក់៕