គម្រោងចន្ទីបៃតង កំពុងផ្តល់អត្ថប្រយោលជន៍ដល់កសិករដំាដុះស្វាយចន្ទីខ្នាតតូច ក្នុងខេត្តព្រះវិហារ

សង្គម​និង​សេដ្ឋកិច្ច

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានអះអាងថា គម្រោងចន្ទីបៃតងបានផ្តល់អត្ថប្រយោជន៍ដល់កសិករដំាដុះស្វាយចន្ទីខ្នាតតូចដែលស្ថិតនៅក្នុងសហគមន៍កសិកម្មចំនួន៤ ក្នុងខេត្តព្រះវិហារ ដោយលក់គ្រាប់ស្វាយចន្ទីស្ងួតបានតម្លៃខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបណ្តាញបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ លោក ពឹង ទ្រីដា ថ្មីៗបង្ហាញថា ក្នុងឆ្នាំនេះ គម្រោងចន្ទីបៃតងបានគាំទ្រដោយជោគជ័យលើគម្រូអាជីវកម្មកិច្ចសន្យាទិញលក់គ្រាប់ស្វាយចន្ទីស្ងួតរវាងត្រីភាគី រួមមានសហគមន៍កសិកម្ម ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក។ យើងមានក្ដីរីករាយដោយក្នុងសប្ដាហ៍នេះ គ្រាប់ស្វាយចន្ទីស្ងួត ចំនួន២៧តោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម។

លោកប្រធានមន្ទីរសង្កត់ធ្ងន់ថា«កិច្ចសហការនេះបានផ្ដល់អត្ថប្រយោជន៍ដល់កសិករដាំស្វាយចន្ទីខ្នាតតូចចំនួន៧៧គ្រួសារ ដែលជាសមាជិកសហគមន៍កសិកម្មចំនួនបួនក្នុងខេត្តព្រះវិហារ បានលក់គ្រាប់ចន្ទីក្នុងតម្លៃខ្ពស់។គម្រោងចន្ទីបៃតងនឹងបន្តសម្របសម្រួលដើម្បីពង្រីកគម្រូអាជីវកម្មនេះ ទៅជាប្រតិបត្តិការពេញលេញ ក្នុងគោលបំណងបង្កើតជាខ្សែច្រវាក់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតប្រកបដោយនិរន្តរភាព»។

បើតាមប្រធានសមាគស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ថាគម្រោងខាងលើសមាគមស្វាយចន្ទីកម្ពុជា បានដឹងនិងបានធ្វើកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីសម្របសម្រួលក្នុងគម្រោងចន្ទីបៃតងនៅក្នុងខេត្តព្រះវិហារ ហើយខាងសមាគមបានប្រជុំជាមួយសហគមន៍ទំាងអស់នោះនៅទីស្នាក់ការកណ្តាលរបស់សមាគមក្នុងខេត្តកំពង់ធំ។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា «គម្រោងនេះគឺជាគម្រោងស្វាយចន្ទីសរីរាង្គហើយស្វាយចន្ទីសរីរាង្គពិបាកធ្វើហើយតម្លៃក៏មិនលើសពីស្វាយចន្ទីធម្មតាច្រើនដែរ។វាជាការជោគជ័យប៉ុន្តែយើងបាត់ផលច្រើន តែប្រសិនបើចន្ទីសរីរាង្គនឹងលក់បានថ្លៃជាងគ្រាប់ចន្ទីធម្មតា២០%ទើបធ្វើឱ្យកសិករចំណេញល្អ(ច្រើន)»។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមឆមាសទី១ដើមឆ្នំា២០២៣នេះ កម្ពុជាផលិតស្វាយចន្ទីឆៅបានប្រមាណ៦១ម៉ឺនតោន ហើយបាននាំចេញទៅប្រទេសវៀតណាមបានជាង៥៧ម៉ឺនតោន គិតជាទឹកប្រាក់មានប្រមាណ៧៨៥ លានដុល្លាអាមេរិកថយចុះ ១៣,៩៤% បើធៀបរយៈកាលដូចគ្នាទៅនឹង២០២២។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥.៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០.៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨.២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១.៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១.៥៥៧តោន៕

អត្ថបទ៖សារេត