កសិករនៅខាងភូមិព្រៃភ្លងម្នាក់ ចាប់ផ្តើមបង្កើនបរិមាណចិញ្ចឹមបង្កងតាមបែបធម្មជាតិ

សង្គម​និង​សេដ្ឋកិច្ច

កសិករ ញ៉េប ឈឿន និងភរិយា នៅខាងភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីចាប់ផ្តើមចិញ្ចឹមបង្កងលក្ខណៈគ្រួសារតាមបែបធម្មជាតិនៅវគ្គទី១ចំនួន៣ម៉ឺនកូន កាលពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣។នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្កើនបរិមាណចិញ្ចឹមបង្កងប្រមាណ៣ម៉ឺនកូនបន្ថែមទៀត ក្រោយពិនិត្យឃើញបង្កងវគ្គមុនមានការលូតលាស់បានល្អ។ខណៈមុខរបរមួយនេះផ្តល់ប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ញ៉េប ឈឿន រស់នៅភូមិឃុំខាងលើ បានឱ្យដឹងថា មូលហេតុដែលជម្រុញទឹកចិត្តឱ្យក្រុមគ្រួសារខ្ញុំបង្កើនបរិមាណការចិញ្ចឹមបង្កងចំនួន៣ម៉ឺនកូនបន្ថែម នៅវគ្គទី២នេះ ដោយសារតែខ្ញុំសង្កេតឃើញការចិញ្ចឹមបង្កងមានការលូតលាស់បានល្អ។

បើតាមកសិករ ញ៉េប ឈឿន ទន្ទឹមនិងការចិញ្ចឹមបង្កងវគ្គទី២ចាប់ផ្តើមនៅចុងសប្តាហ៍ទី១ នៃខែកញ្ញានេះ លោកក៏មានការព្រួយបារម្ភខ្លះៗផងដែរ  ដោយសារមិនសូវឃើញបង្កងច្រើនចូលមករកស៊ីចំណីដែលដាក់នៅក្នុងកញ្ច្រែង តែទោះជាយ៉ាងនេះក្តី លោកនៅតែមានសង្ឃឹមខ្ពស់ដដែលផ្អែកទៅលើការមើលថែរាល់ថ្ងៃមិនទាន់ឃើញបង្កងខូចឬងាប់នៅក្នុងស្រែនៅឡើយ។

លោកបញ្ជាក់ថា«សម្រាប់ទីតំាងចិញ្ចឹមបង្កងថ្មីលើផ្ទៃដីជិតកន្លះហិកតានេះ យើងមានការរំពឹងខ្ពស់ថាការចិញ្ចឹមបង្កងលក្ខណៈគ្រួសាររបស់យើង ព្រោះទីតំាងថ្មីនេះយើងបានរៀបចំបានស្អាតជាងទីតំាងទី១ ហើយបើសិនការចិញ្ចឹមបង្កងវគ្គទី២នេះបង្ហាញសញ្ញាឬការលូតលាស់បានល្អ ដោយមិនមានការខូចខាត យើងគ្រោងពង្រីកការចិញ្ចឹមបង្កងថែមទៀត»។

ពាក់ព័ន្ធនិងមុខរបរចិញ្ចឹមបង្កងនៅក្នុងស្រែ ស្រះនេះ បើតាម ប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា មុខរបរមួយនេះអាចជួយបង្កើនប្រាក់ចំណូលដល់កសិករបានល្អ។លើសពីនេះ អាចចូលរួមសម្រេចនូវគោលបំណងរបស់រាជរដ្ឋាភិបាលដែលថានៅត្រឹមឆ្នំា២០៣០ ឱ្យប្រទេសយើងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យម ដែលអាចឱ្យគ្រួសារកសិករម្នាក់មានប្រាក់ចំណូលបានដល់៥ពាន់ ដុល្លារអាមេរិក។

លោក ថាយ សុមុនី សង្កត់ធ្ងន់ថា «ដោយមើលឃើញមុខរបរចិញ្ចឹមត្រី បង្កង ផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ យើងត្រូវបង្កើនផលិតភាពដីស្រែមួយហិកតាឱ្យបានចំណូលខ្ពស់ជាជាងធ្វើស្រូវតែមួយមុខ។បើយើងធ្វើបាន ជួយកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្មឬជីគីមីផ្សេងៗ ដែលបានប្រើប្រាស់ពីមុននោះជួយឱ្យប្រព័ន្ធអេកូស៊ីស្ទឹមវាលស្រែយើងមានភាពល្អប្រសើរឡើង តាមរយៈការឈប់ប្រើប្រាស់ថ្នំាពុលកសិកម្ម»៕

អត្ថបទ៖សារេត