គម្រោងប្រវត្តិសាស្រ្ត «ព្រែកជីកហ្វូណនតេជោ» ទំនងអាចបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ទំនងនឹងអាចបើកការរដ្ឋានពាក់កណ្តាលឆ្នាំ ពោលគឺក្នុងកំឡុង ខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា​ កម្ពុជា កំពុងរៀបចំធ្វើយ៉ាងណាឱចរចារឱ្យបាននូវកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនឯកជនចិន CRBC ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលនេះជាគម្រោងអតិភាពខ្ពស់ដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រុញឱ្យយើងខិតខំប្រឹងប្រែងធ្វើការងារនេះឱ្យមានប្រសិទ្ធភាព និងលេចចេញរូបរាងឆាប់ៗ។

ដោយលោកបានបន្តថា«យើងសង្ឃឹមថា យើងអាចពិភាក្សា ចរចារលើកិច្ចព្រមព្រៀងសម្បទាននេះ ប្រហែលជាខែមិថុនា ឬខែកក្កដា ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ»។

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ»។ គម្រោង«ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើន ដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា៕