ទោះបីតម្លៃស្រូវមានការធ្លាក់ថ្លៃបន្តិចបន្តួចនៅតាមតំបន់មួយចំនួន ក៏មានតម្លៃខ្ពស់ជាង១០០០រៀល ក្នុងមួយគីឡូក្រាម

សង្គម​និង​សេដ្ឋកិច្ច

នៅអំឡុងខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣ តម្លៃស្រូវចាប់ផ្តើមហក់ឡើងខ្ពស់ ចន្លោះពី១២០០រៀល ទៅ១៣០០រៀល ក្នុងមួយគីឡូក្រាម។ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា តម្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ចាប់ផ្តើមធ្លាក់ថ្លៃបន្តិចចន្លោះពី១០០ ទៅ២០០រៀល ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនឹងតម្លៃស្រូវប្រែប្រួលនេះ បើតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោក យ៉ង សាំងកុមា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែកញ្ញា បានឱ្យដឹងថា ស្ថានភាពតម្លៃស្រូវនៅតែល្អសម្រាប់កសិករនាពេលបច្ចប្បន្ននេះ ជាពិសេសបើធៀបទៅនឹងឆ្នាំ  ២០២២ ក្នុងពេលវេលាដូចគ្នា (តម្លៃនៅខ្ពស់ជាង ១០០០ រៀលក្នុងមួយគីឡូ ដែលឆ្នាំទៅចន្លោះពី ៨០០ ទៅ ៩០០ រៀលក្មុងមួយគីឡូសម្រាបពូជ OM) បើទោះបីជារយ:ពេល ២ ឬ ៣ ថ្ងៃចុងក្រោយនេះមានការធ្លាក់ថ្លៃបន្តិចបន្តួចនៅតាមតំបន់មួយចំនួនក៏ដោយ។ ម្យ៉ាងវិញទៀតឈ្មួញទិញលក់ទៅវៀតណាមនៅតែបន្តចូលមកទិញស្រូវដូចធម្មតា ហើយរោងម៉ាស៊ីនក្នុងស្រុកក៏នៅបន្តទិញស្រូវដែរ។

លោកបន្តថា យើងកំពុងធ្វើការណែនាំដល់កសិករឲ្យទុកស្រូវឲ្យបានទុំល្អចាំច្រូត ដើម្បីទទួលបានតម្លៃល្អ ហើយរោងម៉ាស៊ីនក៏បានស្រូវល្អសម្រាប់កែច្នៃជាអង្ករ។ការសម្របសម្រួលឲ្យមានការសហការគ្នាល្អរវាងកសិករនិងកសិករ និងរវាងសហគមន៍កសិករនិងរោងម៉ាស៊ីនជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់យើងក្នុងការពង្រីកទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវអង្ករជូនកសិករនិងពាក់ព័ន្ធ។

បើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនក៏បានឱ្យដឹងផងដែរថា មិនទាន់មានសញ្ញាណាមួយត្រូវព្រួយបារម្ភពីថ្លៃស្រូវនៅលើទៅផ្សារនោះទេ។ ទោះបីជាប៉ុន្មានថ្ងៃនេះ ថ្លៃស្រូវបានថយចុះមកបន្តិចពីថ្លៃខ្ពស់បំផុតកាលពីសប្តាហ៍មុន តួលេខនេះនៅល្អច្រើន បើធៀបទៅនឹងឆ្នាំមុន ដែលបានថ្លៃត្រឹមតែ ៨០០-៩០០រៀល/គីឡូតែប៉ុណ្ណោះ។

លោកបន្តថា ដរាបណាថ្លៃស្រូវស្ថិតនៅលើបន្ទាត់ ១០០០រៀល/គីឡូ កសិករនៅតែទទួលបានប្រាក់ចំណេញ គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ ហើយទីផ្សារនៅតែមានសម្រាប់កសិកម្មកម្ពុជាដដែល។ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានត្រៀមកញ្ចប់ថវិកាដើម្បីអន្តរាគមន៍ ក្នុងករណីដែលមានការធ្លាក់ចុះថ្លៃកសិផលជាគំហុកណាមួយ ដើម្បីធានាស្ថេរភាពថ្លៃផងដែរ។

បើតាមឈ្មួញកណ្តាលទិញស្រូវពីខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ម្នាក់បានឱ្យដឹងថា តម្លៃស្រូវក្នុងខេត្តបាត់ដំបង ចាប់ផ្តើមប្រែប្រួលបន្តិចបន្តួចពី១០០ទៅ២០០រៀល ក្នុងមួយគីឡូក្រាម ក្នុងនោះប្រភេទស្រូវ OM5154 មានតម្លៃចន្លោះពី១០៩០រៀល ទៅ១១២០រៀល ក្នុងមួយគីឡូក្រាម, ស្រូវសែនក្រអូប មានតម្លៃ១១៨០ ទៅ១២០០រៀល ក្នុងមួយគីឡូក្រាម,ស្រូវស្រងែ មានតម្លៃចន្លោះ១១៣០រៀល ទៅ១១៥០រៀល ក្នុងមួយគីឡូក្រាម។

លោកបន្តថា ទោះបីជាមានការធ្លាក់ថ្លៃបន្តិចបន្តួចក៏ដោយ ក៏មិនធ្លាក់ដល់ក្រោមតម្លៃ១០០០រៀលដែរក្នុងមួយគីឡូក្រាម។ លោកបានបន្តថា បញ្ហាការធ្លាក់ថ្លៃបន្តិចបន្តួចនេះ គឺដោយសារវៀតណាមមិនសូវទទួលទិញ ឬទិញក្នុងតម្លៃមួយមិនច្បាស់លាស់ដូចមួយរយៈមុន។តែអំឡុងពេលតម្លៃមិនសូវច្បាស់លាស់នេះ រោងម៉ាស៊ីនក្នុងស្រុកក៏ចាប់ផ្តើមទទួលទិញច្រើន ក្នុងតម្លៃមួយអាចទទួលយកបានផងដែរ ដោយមួយគីឡូតម្លៃ១២០០រៀល។ការទទួលទិញពីរោងម៉ាស៊ីនមួយចំនួននេះ ជាការស្វែងរកដំណោះស្រាយ ក៏ដូចជាការទប់ស្កាត់ពីការធ្លាក់តម្លៃស្រូវជាងនេះផងដែរ។ក្នុងនោះ លោក អាចលក់ទៅក្នុងរោងម៉ាស៊ីន ប្រមាណ៥០០តោន នៅក្នុងមួយថ្ងៃ៕