ប្រជាពលរដ្ឋខេត្តស្វាយរៀង ប្រកបមុខរបរកសិកម្មប្រមាណ៥១,៥% របរសេវាកម្ម៤៨% និងមុខរបរសិប្បកម្មប្រមាណ ០,៥%។ នេះបើយោងតាមរបាយការណ៍របស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តស្វាយរៀង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀង ចែកចេញជា២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង ៦៩០ភូមិ មានប្រជាពលរដ្ឋសរុបចំនួន១៦៨៨៨៨គ្រួសារ ស្មើនឹង ៦៩៨១៥៥នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មប្រមាណ៥១,៥% របរសេវាកម្ម៤៨% និងមុខរបរសិប្បកម្មប្រមាណ ០,៥%។ ខេត្តនេះមានព្រំប្រទល់ខាងជើង និងខាងលិចជាប់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់ខេត្តតៃនីញ ប្រទេសវៀតណាម។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តស្វាយរៀងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់។ឆ្លៀតឱកាសនោះ សម្តេចតេជោ ក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»ត្រូវធ្វើជាមន្ត្រីជើង២ មិនត្រូវធ្វើជាមន្ត្រីជើង១០ឡើយ។
បន្ថែមពីនេះ សម្តេចតេជោ ក៏បានរំលឹកឱ្យអាជ្ញាធរខេត្តស្វាយរៀងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ហ្សាលីន


