សម្តេចតេជោ ហ៊ុន សែន៖ កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ

សង្គម​និង​សេដ្ឋកិច្ច

«កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»។ នេះជាសារបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កត់សម្គាល់ទៅសកម្មភាព និងចក្ខុវិស័យដឹកនាំរបស់នាយករដ្ឋមន្រ្តីបន្តវេនថ្មីរបស់កម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបណ្តាញសង្គមតេឡេក្រាមនាព្រលប់ថ្ងៃទី១៤ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។ ការលើកឡើងជាពាក្យស្លោកនេះ សម្តេចតេជោសំដៅទៅដល់សកម្មភាពនាគ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត»។

សម្តេចតេជោបានសរសេរបញ្ជាក់ថា មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។

សម្តេចបន្តទៀតថា ផ្ទុយពីការគិតរបស់សម្តេច នាយករដ្ឋមន្ត្រីរូបនេះ (សម្តេចធិបតី ហ៊ុន ម៉ាណែត) ចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។

គួរកត់សម្គាល់ផងដែរ បន្ទាប់ពីទទួលតំណែងនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចេញទៅបំពេញទស្សនកិច្ចចំនួន២លើកហើយ គឺចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសចិននៅពេលនេះ ដែលជាប្រទេសជាមិត្តត្បូងពេជ្ររបស់កម្ពុជា។

បើតាមការគ្រោងទុក សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញានេះផងដែរ៕