និយោជកមិនចង់តម្លើងប្រាក់ឈ្នួលខ្ពស់ដល់កម្មករ ដោយារបារម្ភពីការធ្លាក់ចុះតម្រូវការនិងបញ្ហាប្រឈមក្នុងវិស័យ

សង្គម​និង​សេដ្ឋកិច្ច

ការចរចារប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤បានចំណាយពេលពិភាក្សាអស់ពេលជាច្រើនលើកច្រើនដង នៅតែមិនទាន់ឈានទៅដល់ចំណុចឯកភាពរួម។ពាក់ព័ន្ធនិងការតម្លើងប្រាក់ឈ្នួលខ្ពស់ជូនដល់កម្មករនិយោជិតនេះអាចបណ្តាលមកពីនិយោជកបារម្ភពីការធ្លាក់ចុះនៅតម្រូវការជាសកល ការប្រកួតប្រជែងទីផ្សារ និងបញ្ហាប្រឈមនៅក្នុងវិស័យកាត់ដេរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាល ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១១ខែកញ្ញាថា គម្លាតនៃការកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នំា២០២៤មានការខុសគ្នាច្រើន ដោយសារខាងភាគីកម្មករនិយោជិត បានផ្តោតសំខាន់ទៅលើអត្រាអតិផរណាជាគោល ហើយភាគីខាងនិយោជកផ្តោតលើពីការធ្លាក់ចុះតម្រូវការជាសកល។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា«ខាងភាគីនិយោជកផ្តោតទៅលើភាពប្រកួតប្រជែងពីតម្រូវការ ហើយនិងបញ្ហាប្រឈមនៅក្នុងវិស័យរបស់យើង បើសិនជាឱ្យខាងនិយោជកតម្លើងប្រាក់ឈ្នួល មិនដឹងថាត្រូវតម្លើងយ៉ាងម៉េច បើតម្រូវការសកលមានការថយចុះយ៉ាងនេះ ហើយវាប្រឈមជាមួយនិងប្រទេសមួយចំនួនដោយនៅឆ្នំានេះមិនមានប្រទេសណាគេតម្លើងប្រាក់ឈ្នួលទេ ។ដូចនេះនៅពេលគេអត់តម្លើងប្រាក់ឈ្នួលជូនកម្មករនិយោជិត ហើយនៅកម្ពុជាមានការតម្លើង ខាងភាគីនិយោជកបារម្ភថាអ្នកបញ្ជាទិញអាចបង្វែរការបញ្ជាទិញទៅប្រទេសដទៃផ្សេងទៀត ព្រោះប្រទេសយើងកំណត់ប្រាក់ឈ្នួលអប្បបរមាជាប្រាក់ដុល្លារអាមេរិក។រីឯប្រទេសផ្សេងទៀតគេអត់បានពិចារណាក្នុងការតម្លើងប្រាក់ឈ្នួល ហើយលុយរបស់គេចុះថោក អីចឹងនៅពេលលុយចុះថោកបែបនេះវាធ្វើប្រាក់ឈ្នួលរបស់គេគិតជាប្រាក់ដុល្លារអាមេរិកនេះ កាន់តែទាបជាងមុនទៅទៀត។

បើតាមលោក ហេង សួរ កម្ពុជាមិនមែនជាប្រទេសតែមួយ ដែលវិស័យវាយនភណ្ឌ កាត់ដេរនេះ ផលិតតែនៅកម្ពុជានោះទេ គឺមានផលិតនៅវៀតណាម បង់ក្លាដេស ស្រីលង្កានិងមាននៅប្រទេស ឥណ្ឌូណេស៊ីផងដែរ។

លោក ហេង សួរ សង្កត់ធ្ងន់ថា «ទោះបីយ៉ាងណាក៏ដោយយើងនៅតែឈរលើលក្ខណៈវិនិច្ឆ័យទំាង៧ចំណុច ដដែល។ខ្ញុំគិតថា ភាគីខាងបងប្អូនកម្មករនិយោជិត ប្រាកដជាពួកគាត់ខិតខំតស៊ូហើយរកទឡ្ហីករឬអំណះអំណាងគ្រប់បែបយ៉ាងធ្វើយ៉ាងម៉េច ឱ្យខាងភាគីនិយោជក យល់អំពីការលំបាករបស់កម្មករនិយោជិត ដើម្បីឱ្យខាងភាគីនិយោជកមានទឹកចិត្តសណ្តោះ ដើម្បីឱ្យមានលទ្ធភាពពង្រីកប៉ុណ្ណា ពង្រីកឱ្យអស់»។

យោងតាមសចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកាលពីថ្ងៃទី១១ខែកញ្ញាឆ្នំា២០២៣ «ជាលទ្ធផលតំណាងភាគីកម្មករនិយោជិតបន្តរក្សាតួលេខចំនួន២១៥ដុល្លារអាមេរិក និងតំណាងភាគីនិយោជក បានបន្តរក្សាតួលេខចំនួន២០១ដុល្លារអាមេរិក។អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅថ្ងៃទី១៨ខែកញ្ញាឆ្នំា២០២៣នៅម៉ោង៩ព្រឹកនិងខិតខំបញ្ចប់កិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បបរមានៅត្រឹមថ្ងៃទី២៨ខែកញ្ញាឆ្នំា២០២៣»៕ អត្ថបទ៖សារេត