ប្រធានសមាគម៤ នឹងលើកឡើងពីបញ្ហាប្រឈមនិងសំណូមពរជាក់ស្តែងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សង្គម​និង​សេដ្ឋកិច្ច

បើសិនមិនមានការប្រែប្រួលនោះទេ ប្រធានឬតំណាងនៃសមាគមក្នុងស្រុកចំនួន៤នឹងចូលជួបពិភាក្សាពិគ្រោះយល់ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី១៨ខែកញ្ញាខាងមុខនេះ ក្នុងគោលបំណងឱ្យក្រសួងស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមពរជាក់ស្តែងសម្រាប់វេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមខ្លឹមសាលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកាលថ្មីៗនេះបានជម្រាបជូន លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងលោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា ស្នើសុំជួបពិភាក្សាពិគ្រោះយោបល់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរជាក់ស្តែងសម្រាប់ការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍ថានេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យឯកជន ព្រោះវេទិកានេះគឺជាវេទិការដ៏មានឥទ្ធិពលមួយ អីចឹងខ្ញុំនឹងបញ្ជូនក្រុមការងារចូលរួម ដោយក្នុងពេលនេះខាងសមាគមកំពុងរៀបចំអំពីបញ្ហាដាក់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយកទៅដោះស្រាយពីកង្វល់ដែលវិស័យឯកជនកំពុងប្រឈម។

លោកបន្តថា« ខ្ញុំគិតថាវិស័យស្វាយចន្ទី គឺជាវិស័យអាទិភាពសំខាន់មួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលអាចឱ្យយើងអាចរកចំណូលចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ដូចនេះ ខ្ញុំគិតថារាជរដ្ឋាភិបាលនឹងគិតគូរបន្ថែម ហើយខ្ញុំសង្ឃឹមយ៉ាងមុតមំាចំពោះឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលវិស័យឯកជនបាននិងកំពុងតែជួបប្រទះដូចសព្វថ្ងៃនេះ »។

យោងតាមខ្លឹមសារលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យទៀតថា តបតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ ក្នុងគោលបំណងចូលរួមជំរុញការអភិវឌ្ឍន៍វិស័យឯកជននៅកម្ពុជាតាមរយៈការបង្កើតកិច្ចសន្ទនា និងកិច្ចសហការរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនដោយមានការតាមដានវឌ្ឍនភាពនៃសកម្មភាពអភិវឌ្ឍន៍ធុរកិច្ច និងការវិនិយោគ ព្រមទំាងការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាកង្វល់របស់ធុរជននិងវិនិយោគិន។ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងរៀចបំកិច្ចពិភាក្សាពីគ្រោះយោបល់ជាមួយតួរអង្គពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរនជាក់ស្តែង សំដៅដាក់ចេញនូវដំណោះស្រាយដេលមុតស្រួចនិងចំៗ៕អត្ថបទ៖សារេត