ធនាគារជាតិនៃកម្ពុជា( NBC )និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិភាក្សាស្វែងរកយុទ្ធសាស្ត្រ ដើម្បីជួយអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោក រ័ត្ន សុវណ្ណនរៈ និង លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយ លោកស្រី Kelly Hattel អ្នកជំនាញជាន់ខ្ពស់វិស័យហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា។
ប្រភពធនាគារជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើសកម្មភាពគោលនយោបាយមួយចំនួនក្នុងវិស័យធនាគារដែលនឹងត្រូវបន្តអនុវត្តក្រោមអនុកម្មវិធីទី២ និងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពនិងបរិយាបន្នពីឆ្នាំ២០២៥-២០២៧ និងឆ្នាំ២០២៧-២០២៩ រៀងគ្នា ។
គួររំលេចថា កន្លងមក ADB បានផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញប្បទាន និងជំនួយបច្ចេកទេសជាបន្តបន្ទាប់មករាជរដ្ឋាភិបាល ដែលបានរួមចំណែកអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕


